(បាត់ដំបង)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កកម្រិត១ ដែលមានទីតាំងនៅក្នុងសាលាបឋមសិក្សា អុិនស៊ីដារ៉េ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោក ណុប ដារ៉ា បានសួរសុខទុក្ខកម្លាំងដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក មានគ្រូពេទ្យ កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កងទ័ព ដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាបានបំពេញតួនាទីរបស់ខ្លួនក្នុងបេសកកម្មដ៏សែនពិបាកនេះ។
លោកបានផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវចូលរួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយ ដើម្បីចូលរួមទប់ស្កាត់នៅការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលខ្លួនទទួល ខុសត្រូវឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសត្រូវពន្យល់អប់រំដល់ពលករ ដែលកំពុងធ្វើចត្តាឡីស័កនៅទីនេះឱ្យគាត់យល់កាន់តែច្បាស់ នូវវិធានការការពាររបស់ប្រមុខរដ្ឋាភិបាល «បីការពារ បីកុំ» ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ៕