(ភ្នំពេញ)៖ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ច ប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ តាមរយៈ Video Conference ជាមួយសមភាគីបារាំង ដែលដឹកនាំដោយលោក R–mi GENEVEY តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងលោកស្រី Eva NGYEN BINH ឯកអគ្គរដ្ឋទូត នៃសាធារណបារាំងប្រចាំកម្ពុជា ដោយមានការអញ្ជើញ ចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហការីទាំងអស់ នៃប្រទេសទាំងពីរ។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ដ្រីប្រតិភូ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ ដ៏សំខាន់ក្នុងទំនាក់ទំនងកិច្ច សហប្រតិបត្តិការ យូរអង្វែងក្នុងភាព ជាដៃគូ និងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងបារាំង។ លោករដ្ឋមន្រ្តីប្រតិភូ ក៏បានបន្ថែមទៀតថា ប្រទេសបារាំង មិនត្រឹមតែជាមិត្តភក្តិ និងជាបណ្តាប្រទេសឈានមុខគេ ដែលចូលរួមចំណែកក្នុងការ នាំមកនូវសន្តិភាពសម្រាប់ប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានទទួល ហិរញ្ញប្បទានសហប្រតិបត្តិការជាបន្តបន្ទាប់ប្រមាណ ៨៦៧ លានអឺរ៉ូ (ក្នុងនោះឥណទានសម្បទានរបស់រដ្ឋ មានទឹកប្រាក់ប្រមាណ ៥០៧ លានអឺរ៉ូ)។ ហិរញ្ញប្បទានទាំងនេះ បាននិងកំពុងរួមចំណែក យ៉ាងសកម្មដល់ការទ្រទ្រង់ ការអភិវឌ្ឍ និងការជំរុញកំណើន សេដ្ឋកិច្ច ស្របតាមកម្មវិធី និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីប្រតិភូ បានជម្រាបកិច្ចប្រជុំថា ការរីករាលដាលជំងឺកូវីដ-១៩ បាន បង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច និងសង្គម រួមទាំង សុខភាពសាធារណៈ ការរំខានដល់ខ្សែចង្វាក់ផលិតកម្ម ការបាត់បង់ការងារ និងការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក ដែលប្រទេស កម្ពុជាក៏មិនត្រូវបានរួចផុតពីការរីករាលដាលជំងឺនេះ។ ប្រការនេះបានធ្វើឱ្យផលិតផលសរុប ក្នុងស្រុក នៅក្នុងឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណ ៣,០% ក្នុងនោះការនាំចេញបានធ្លាក់ចុះប្រមាណ-១,១% ឱនភាពថវិកាកើនឡើងដល់ ៩,២៥%។ លោកបានបន្តថា សេដ្ឋកិច្ចរបស់យើងនឹងងើបឡើងវិញ នៅឆ្នាំ២០២១ ប៉ុន្តែការងើបឡើងនេះ នៅមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់ នៅឡើយ ប្រសិនបើការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភះ មានកម្រិតនៃផលប៉ះពាល់នៅតែខ្ពស់ និងមានជម្រៅជ្រៅ ហើយកម្មវិធីចាក់វ៉ាក់សាំងមិនអាចសម្រេចបានឆាប់រហ័ស។
លោករដ្ឋមន្រ្តីប្រតិភូបានបន្ថែមថា សម្រាប់ដំណើរឆ្ពោះទៅមុខ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ច ដោយផ្អែកលើសសរស្តម្ភចំនួន០៣រួមមាន៖
*ទី១៖ ការរស់ឡើងវិញ និងរស់រានមានជីវិត៖ ដោយគ្រប់គ្រងការរីករាលដាល ជំងឺកូវីដ-១៩ និងរក្សាឱ្យបាននូវដង្ហើមសេដ្ឋកិច្ច និងការរស់រានរបស់ប្រជាជន ព្រមទាំងការស្តារ និងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឡើងវិញ
*ទី២៖ កំណែទម្រង់៖ ប្រែក្លាយវិបត្តិ ទៅជាឱកាសដោយបង្កើន ការធ្វើពិពិធកម្មនិងបង្កើនភាព ប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងនោះជាពិសេសតាមរយៈការធ្វើឌីជីថលនីយកម្ម
*ទី៣៖ ពង្រឹងភាពធន់៖ តាមរយៈការពង្រឹង និងត្រៀមខ្លួន នៅក្នុងស្ថាប័នសាធារណៈ វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុធនធានមនុស្ស រួមទាំង ប្រព័ន្ធសុខភាពសាធារណៈ បណ្តុះបណ្តាលជំនាញ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រដៀងគ្នា ដែលអាចនឹងផ្ទុះឡើងនាពេលអនាគត ។
លោករដ្ឋមន្រ្តីប្រតិភូបានបញ្ជាក់ថា មូលដ្ឋានសម្រាប់ការរៀបចំគម្រោងអនាគត និងកិច្ចសហការគោលនយោបាយ ត្រូវរៀបចំឡើង ជាលក្ខណៈយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានភាពរឹងមាំ និងមានភាពធន់ ដែលជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ច និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងន័យនេះ កម្ពុជាត្រូវការលើកជំរុញ ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បី ពន្លឿនកំណើនសេដ្ឋកិច្ច និងពង្រីកមូលដ្ឋានកំណើន ដោយមិនអាចកាត់ផ្តាច់ ពីការបង្កើន សហគ្រិនភាព និងនវានុវត្តន៍បន្ថែមទៀត ទាំងក្នុងវិស័យសាធារណៈ និងឯកជនតាមរយៈការបង្កើន បច្ចេកវិទ្យាឌីជីថល នៅក្នុងបណ្តាញ ផលិតកម្ម និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិចសម្រាប់សហ- គ្រាសខ្នាតតូច និងមធ្យម។ សមាសធាតុទាំងនេះ គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់រៀបចំគម្រោងអនាគតរបស់យើង ដោយប្រើប្រាស់ធនធានមានកំណត់របស់យើងប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព។
ក្នុងឱកាសនោះ ភាគីបារាំង បានកោតសសើរ និងសូមថ្លែងអំណរគុណ ដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដើរតួនាទីយ៉ាងសំខាន់ ស្ថិតក្នុងបរិការណ៍បច្ចុប្បននេះ និងសូមថ្លែងអំណរគុណផងដែរ ដល់ក្រសួងស្ថាប័នជាដៃគូ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រពៃ នាពេលកន្លងមក។
ភាគីបារាំង បានគូសបញ្ជាក់ថា នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ របស់កម្ពុជា ដោយសន្យាថាផងដែរថា នឹងបន្តផ្តល់ និងបង្កើនទំហំ ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់អភិវឌ្ឍន៍កម្ពុជា ជារួមនូវកម្ចីសម្បទានក្នុងរង្វង់ពី ១០០ ទៅ ១២០ លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ (២០២១-២០២៦) ដោយរួមទាំងការប្រឹងប្រមូលហិរញ្ញប្បទានឥតសំណងជួយកម្ពុជាឱ្យបានច្រើនពីសហគមអ៊ឺរ៉ុប និងពីប្រភពផ្សេងទៀតឱ្យបានច្រើន ឱ្យស្របទៅតាមបរិការណ៍ពេលបច្ចុប្បន្ន ក៏ដូចជានៅពេលក្រោយកូវីដ-១៩ ផុតរលត់៕