(តួកគី)៖ រដ្ឋាភិបាលនៃប្រទេសតួកគី បានបញ្ជាឲ្យបិទបណ្ដាញទំនាក់ទំនងសង្គម Facebook និង Twitter ជាបណ្ដោះអាសន្ន ក្រោយពេលរូបភាពជាច្រើនសន្លឹកនៃអំពើភេរវកម្មនៅក្នុងទីក្រុង Ankara ត្រូវបានចែករំលែកតាមបណ្ដាញសង្គមមួយនេះ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។
អាជ្ញាធរគ្រប់គ្រងទូរគមនាគមន៍របស់តួកគី បានឲ្យបិទការប្រើប្រាស់បណ្ដាញសង្គមទាំងពីរខាងលើ តាមបញ្ជារបស់តុលាការ ដោយសារតែអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងពីរ បានចេញរំលែករូបភាពដ៏រន្ធត់នៃអំពើភេរវកម្ម ដែលបណ្ដាលឲ្យមនុស្សស្លាប់ ៣៤នាក់ និងរបួស ១២៥នាក់។
តាមការបញ្ជាក់ពីអ្នកកាសែតម្នាក់ បានឲ្យ CNN ដឹងថា រដ្ឋាភិបាលតួកគី ក៏បានហាមការបោះផ្សាយជាមួយនឹងរូបភាពនៃអំពើភេរវកម្មនេះផងដែរ។
គួរបញ្ជាក់ផងដែរថា អំពើភេរវកម្មនេះ បានកើតឡើងនៅយប់ថ្ងៃអាទិត្យម្សិលមិញ ក្នុងរដ្ឋធានី Ankara ដែលបណ្ដាលឲ្យមានមនុស្ស ២៤នាក់ស្លាប់ និង១២៥នាក់របួស ហើយមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខបញ្ជាក់ថា ជាទង្វើរបស់ខ្លួនឡើយ៕