លោក បាន គីមូន ថ្កោលទោសអំពើភេរវកម្មដ៏ព្រៃផ្សៃនៅតួកគី ខណៈអ្នកស្លាប់កើនឡើងដល់៣៥នាក់ និង១២៥នាក់រងរបួស
14-03-2016 10:08
(យូអិន)៖ ប្រមុខដឹកនាំនៃអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត ចំពោះការវាយប្រហារដោយអំពើភេរវកម្ម នៅកណ្តាលរដ្ឋធានីអង់ការ៉ា របស់ប្រទេសតួកគី កាលពីយប់ថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ចេញដោយការិយាល័យអគ្គលេខាធិការ លើកឡើងថា «ក្នុងនាមជាអគ្គលេខាធិការ UN ខ្ញុំសូមបង្ហាញនូវក្តីរន្ធត់ និងអាណិតអាសូអស់ពីបេះដូង ចំពោះក្រុមគ្រួសារសាច់ញាតិនៃជនរងគ្រោះទាំងអស់។ អង្គការសហប្រជាជាតិ នឹងឈរនៅជាមួយរដ្ឋាភិបាល ព្រមទាំងប្រជាជនតួកគីទាំងអស់ ក្នុងពេលវេល នៃគ្រោះអាសន្នមួយនេះ»។
គួរបញ្ជាក់ថា មនុស្សរហូតដល់ទៅ ៣៤នាក់បានស្លាប់ និង១២៥នាក់ទៀតរងរបួស បន្ទាប់ពីដ៏ការបំផ្ទុះគ្រាប់បែក លើរថយន្ត បានកើតឡើង ក្បែរស្ថានីយ៍រថយន្តក្រុងដ៏ធំមួយ នៅកណ្តាលរដ្ឋធានីអង់ការ៉ា។ តំបន់ដែល កើតហេតុនោះ គឺស្ថិតនៅក្បែរទីលាន គីហ្ស៊ីឡាយ ដែលមានក្រសួងមួយចំនួនរបស់រដ្ឋតាំងនៅ។ អាជ្ញាធរតួកគីកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងក្តៅគគុក ដើម្បីស្វែងរកក្រុមដែលស្ថិតនៅពីក្រោយ ការវាយប្រហារដ៏អាក្រក់នេះ៕