(កណ្ដាល)៖ គិតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកណ្ដាល បានរកឃើញទណ្ឌិត និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល បានឆ្លងជំងឺកូវីដ១៩ កើនឡើងចំនួន ៣៦៩នាក់ហើយ។ នេះយោងតាមរបាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាន។
តាមរបាយការណ៍ដដែល បានឱ្យដឹងថា ករណីឆ្លងនេះបានកើតឡើងតាំងពីថ្ងៃទី២៥ ខែឧសភា ដោយដំបូងរកឃើញទណ្ឌិតចំនួន ១០៣នាក់ និងមន្ត្រីពន្ធនាគារ៣នាក់ ហើយឆ្លងជាបន្តបន្ទាប់ ថោយគិតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងកើនឡើង ៣៦៩នាក់ហើយ។
តាមរបាយការណ៍បានបន្តថា គេពុំទាន់ស៊ើបដឹងច្បាស់ថា តើពួកគេឆ្លងជំងឺនេះតាមរយ:ណានោះទេ រីឯអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ ផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារតែម្ដង ដើម្បីការពារមិនឱ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅឡើយ។ រីឯមន្ត្រីនគរបាលវិញ ក៏ត្រូវបានដាក់ពង្រាយយាមកាមជុំវិញពន្ធនាគារផងដែរ។
ក្រោយរកឃើញថាមានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារបានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល មិងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត។ ប៉ុន្តែចំនួនអ្នកឆ្លងចេះតែកើនឡើងឥតឈប់ឈរគួរជាទីបារម្ភបំផុត។
សូមរម្លឹកថា ចាប់តាំងពីកើតមានព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» មកអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ រួមទាំងមន្ត្រីសុខាភិបាល និងមន្ត្រីពាក់ព័ន្ធខេត្តកណ្ដាលទាំងអស់ មានការស្វាហាប់ ពុះពារឧបសគ្គ ធ្វើការទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ ជួនកាលដាច់យប់ក៏មាន ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ នៅមូលដ្ឋានខេត្តកណ្ដាលបានយ៉ាងល្អប្រសើរ ។ ក្នុងនោះដែរ សម្រាប់អ្នកដែលពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ដែលមានចំនួន ជាង៤ម៉ឺននាក់ ក៏ទទួលបានអំណោយលោកគង់ សោភ័ណ្ឌ និងពីលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលផងដែរ៕