(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា បុគ្គលិកនៃសមាគមទាំងអស់ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម ដែលជាម្តាយបង្កើតរបស់លោក គង់ វិបុល។

ក្នុងលិខិតរំលែកទុក្ខ អ្នកឧកញ៉ា លី ហួរ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយឧបាសិកា នង តាំងអ៉ីម ដែលត្រូវជាមាតាបង្កើតរបស់លោក គង់ វិបុល បានទទួលមរណភាពនៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព. ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦៖០០នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។

ការទទួលមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម គឺជាការបាត់បង់នូវអ្នកម្តាយ ជីដូន ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌។

ស្ថិតនៅក្នុងសមានទុក្ខវិយោគសោកស្តាយ ស្រណោះអាឡោះអាល័យឥតឧបមានេះ សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្តុកក្តួលជាទីបំផុត ជាមួយលោករដ្ឋមន្ត្រីប្រតិភូ និងក្រុមគ្រួសារនៃសព និងសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ឧបាសិកា នង តាំងអ៉ីម បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕