(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក ក្នុងនោះយប់៧លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់១៥នាក់ និងរបួសស្រាល៩នាក់ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៥គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៧គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងយានផ្សេងៗ៣គ្រឿង ហើយប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក , ស្រវឹង ២លើក, ប្រជែងគ្រោះថ្នាក់ ៣លើក ,មិនគោរពសិទ្ធិ ៣លើក , និងមិនប្រកាន់ស្តាំ ៣លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់ (យប់៧នាក់)។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួត ពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល ល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤៥៦៩គ្រឿង ក្នុងនោះ បានធ្វើការអប់រំចំនួន ១៩៤៣គ្រឿង ពិន័យសរុប ២៦២៦ គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១១២៦នាក់ ៕