(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៦នាក់ ស្រី ៣៤នាក់ ជាបុគ្គលិកកាស៊ីណូ «សុខ គឹមម៉េង» ច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែឧសភានេះ។

រដ្ឋបាលខេត្តកំពត បានករណីខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យព្រះបិតាជាតិ និងមណ្ឌលព្យាបាល «សុខ គីមម៉េង» ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។

ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត សូមអំពាវនាវដល់លោក លោកស្រីដែលមានការពាក់ព័ន្ធនឹងឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំ របស់ក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមអញ្ជើញមកយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៦១ ៨៦ ៧៧ ៧៦, ០៩៧ ៥៣៩ ៩៩ ៤៨, ០១២ ៧៣ ៣៤ ៦៨ (ស្រុកប្រតិបត្តិកំពង់ត្រាច), ០១២ ២០០ ៤១២, ០៩៩ ៧៨ ៦៥ ២៧ (ស្រុកប្រតិបត្តិឈូក), ០១២ ៤៨ ៣៣ ៥៨, ០៨៨ ២២០ ១៥ ៦៧ (ស្រុកប្រតិបត្តិអង្គរជ័យ), ០១២ ២៤ ០១ ៧១, ០១២ ៤៥ ៦៩ ៩០(ស្រុកប្រតិបត្តិកំពត), ០៧៧
៧៣ ០៨ ៣៧ (មន្ទីរពេទ្យបង្អែកខេត្ត) និង ០១២ ៨២ ២១ ៧៩, ០៧៨ ២៤ ៨៩ ៩៨ (មន្ទីរសុខាភិបាល)។

រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ»។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ខាងលើ ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត៖