(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ មានបុរសម្នាក់បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ ក៏បានធ្វើការគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។
បន្ទាប់ពីបានទទួលការស្នើសុំឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំងគ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញដេញតាមមុខសញ្ញារហូតដល់ចំណុច វាលស្រែមួយកន្លែង ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ពេលនោះសមត្ថកិច្ច និងក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ ណែនាំបុរសរូបនោះ យល់អំពីសារៈប្រយោជន៍ នៃការព្យាបាលព្រមទាំងទោសទណ្ឌ នៃការគេចវេស តែបុរសរូបនោះនៅតែមិនព្រម ស្ម័គ្រចិត្តទទួលយកការព្យាបាល ថែមទាំងរើសដុំថ្ម ព្យាយាមវាយប្រហារមកលើសត្ថកិច្ចថែមទៀតផង ដោយមានការហ៊ុព័ទ្ធ និងបង្ខំពីសមត្ថកិច្ច បុរសនោះក៏ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ដើម្បីទៅធ្វើការព្យាបាលនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង។ បុរសនោះឈ្មោះ ជា គា អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ករណីគេចវេសពីការព្យាបាលនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល តែបើមានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ជាមិនខាន។
អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវម្តងហើយម្តងទៀត ដល់ប្រជាពលរដ្ឋដែលវិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារ និងសហគមន៍ផង និងត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ៕