(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន បានអញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុទៅវេរប្រគេនដល់ព្រះសង្ឃនៅវត្តវេឡុនោទ្យានារាម ស្ថិតស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិដែលតែងតែនឹករលឹកគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានសម្តែងនូវសមានចិត្តរីករាយថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន បន្តរក្សាបាននូវសុខសន្តិភាព រក្សាបាននូវសុខសន្តិភាពដែលជាគ្រឹះ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមគ្នាអនុវត្តវិធាន ៣ការពារ ៣កុំ ប្រឆាំងជំងឺកូវីដ-១៩ និងទិសស្លោកបីកុំ មួយរាយការណ៍ ប្រឆាំងគ្រឿងញៀន ដើម្បីសហគមន៍មានសុវត្ថិភាព និងភាពសុខសាន្តក្រុមគ្រួសារ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព ដោយបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលអនុវត្តនូវវិធាននានា ដើម្បីបង្ការ កាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩ ហើយខិតខំបង្កបង្កើនផលកសិកម្មសម្រាប់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃ ក្នុងគ្រួសារ ក្នុងកាលៈទេសៈកម្ពុជា រួមគ្នាជាមួយពិភពលោកប្រឆាំងកូវីដ-១៩។
សូមជម្រាបថា ទេយ្យទាន ទេយ្យវត្ថុ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ វេរប្រគេនព្រះសង្ឃនាឱកាសនោះមាន អង្ករ១តោន, ទឹកសុទ្ធ២០កេស, ទឹកត្រី២០យួរ, ទឹកស៉ីអ៉ីវ២០យួរ, ត្រីខ២០យួរ, ទឹកក្រូច២០កេស និងមី២០កេស៕