(ភ្នំពេញ)៖ នៅម៉ោងប្រមាណជាង១០យប់ថ្ងៃទី១៣ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook សម្តេចបានសម្តែងនូវក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខ ដល់មន្ត្រីនគរបាលចរាចរណ៍ ខណ្ឌ៧មករាម្នាក់ គឺលោក យ៉ាវ បូរ៉ា ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញបេសកកម្ម ការពារសុវត្ថិភាពថ្នាក់ដឹកនាំ ត្រឡប់មកពីចូលរួមប្រជុំនៅប្រទេសឡាវ នាម៉ោង ៤រសៀលថ្ងៃទី ១៣ ខែមីនានេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះការស្លាប់បាត់បង់ មន្រ្តីនគរបាលចរាចរណ៌ លោក យ៉ាវ បូរ៉ា ដែលបានស្លាប់ ក្នុង ពេលបំពេញតួនាទីបម្រើ សណ្តាប់ធ្នាប់ចរាចរណ៌នៅថ្ងៃនេះ។ ជាការពិតនេះ គឺជាការលះបង់ដ៏ខ្ពង់ខ្ពស់របស់ នគរបាលចរាចរណ៌យើង ក្នុងការថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ដោយមិនគិតពីក្តៅឬត្រជាក់ឡើយ។ ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមបងប្អូនគោរពច្បាប់ចរាចរណ៌ គោរព និងអោយតម្លៃទៅលើ បងប្អូននគរបាលចរាចរណ៌ផងដែរ»។
សូមជម្រាបថា លោក យ៉ាវ បូរ៉ា ដែលជាមន្រ្តីនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ ខណ្ឌ៧មករា បានខ្យល់គដួលស្លាប់ នៅម៉ោង៤រសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦នេះ ខណៈកំពុងឈរការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ច នៅប្រទេសឡាវ។
យោងតាមសាក្សីបានឲ្យដឹងថា នៅម៉ោងកើតហេតុ ខណៈដែលលោក យ៉ាវ បូរ៉ា កំពុងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំនៅគោលដៅ ចំណុចក្តាន់ពីរ តាមបណ្ដោយ វិថីសហព័ន្ធរស្ស៊ី សង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែដួលទាំងជំហរទាំង មិនដឹងមូលហេតុ។ ក្រោយឃើញដួលភ្លាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យតាមរឺម៉កម៉ូតូកង់បី តែគួរឲ្យសោកស្តាយ លោក យ៉ាវ បូរ៉ា បានស្លាប់បាត់បង់ជីវិតតាមផ្លូវ។
លើសពីនេះទៅទៀតនោះ ក្រៅពីសារសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ មន្ត្រីនគរបាលចរាចរណ៍ លោក យ៉ាវ បូរ៉ា ហើយនោះ សម្តេចតេជោ ក៏បានជ្រើសរើសនូវបទចម្រៀង ដែលកំពុងពេញនិយម គឺ បទ «ឪពុកខ្ញុំជាប៉ូលិសចរាចរណ៍» ផលិតកម្ម Town ដើម្បីចែករំលែកជូនជនរួមជាតិទស្សនាផងដែរ៕
ខ្ញុំសូមចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះការស្លាប់បាត់បង់មន្រ្តីនគរបាលចរាចរណ៌ លោក យ៉ា បូរ៉ា ដែលបានស្លាប់ ក្នុង ពេលបំពេញតួនាទីបម្រើសណ្តាប់ធ្នាប់ចរាចរណ៌នៅថ្ងៃនេះ។ ជាការពិត នេះគឺជាការលះបង់ដ៏ខ្ពង់ខ្ពស់របស់ នគរ បាលចរាចរណ៌យើងក្នុងការថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្ឡុវដោយមិនគិតពីក្តៅឬត្រជាក់ឡើយ។ ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមបងប្អូនគោរពច្បាប់ចរាចរណ៌ គោរព និងអោយតម្លៃទៅលើ បងប្អូននគរបាលចរាចរណ៌ផងដែរ។ខ្ញុំសូមជ្រើសរើសបទចម្រៀងអប់រំចរាចរណ៌ពីផលិតកម្ម Town ដើម្បីចែករំលែកជូនជនរួមជាតិទស្សនាក្នុង Video ខាងក្រោម ៕
Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, March 13, 2016