(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលាតត្រដាងអំពីការបាត់លុយជាង៧០ម៉ឺនដុល្លារ នៃមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យដោយស្ងាត់ៗ។ ករណីនេះលោក មុត ចន្ថា បានអះអាងថា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា មនុស្សជំនិតរបស់ លោក សម រង្ស៉ី ជាអ្នកលួចដកចេញពីធនាគារ។
លោក មុត ចន្ថា បានរៀបរាប់ថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងមូលនិធិបង្កើត «ទូរទស្សន៍ព្រះអាទិត្យ» ឬ «SUN TV»។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋខ្មែរ ជាង ៧០ម៉ឺន ដុល្លារអាមេរិក។
លោកបញ្ជាក់ថា៖ «នៅក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងបន្តមកទៀតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សហ៊្វុនស៉ិនប៉ិច និងគណបក្សយុវជនកម្ពុជា រួចមក ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ត្រូវបានដកចេញពីគណនេយ្យធនាគារស្ងាត់បាត់ឈឹង។ មន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ០៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ១) លោក កឹម សុខា ប្រធានគណបក្ស, ២)លោក យឹម សុវណ្ណ ប្រធានគណៈកម្មការធិការប្រតិបត្តិគណបក្ស និង ៣)លោក គី វណ្ណដារ៉ា អគ្គហិរញ្ញឹកគណបក្ស ប៉ុន្តែខណៈដែលលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ គឺមានតែលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខាដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ»។
លោកបានបន្ថែមថា៖ «ខ្ញុំឃើញលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ (២០១២-កុម្ភៈ ២០១៧) បាននិងកំពុងលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយជម្ងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ ខ្ញុំយល់ថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង ៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះ ដោយរោគរាតត្បាតកូវីដ-១៩។ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរៈ តើថវិកាជាង ៧០ម៉ឺន ដុល្លារ នៅឯណា ដោយមិនគិតពីលុយរបស់គណបក្ស?»។
រហូតដល់ពេលនេះ លោក សម រង្ស៉ី រួមទាំងមនុស្សជំនិតរបស់លោក គឺលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ដែលជាភាគីពាក់ព័ន្ធ មិនទាន់បកស្រាយនៅឡើយ ខណៈដែលសារព័ត៌មានអនឡាញ The Cambodia Daily ដែលស្និទ្ធនឹងក្រុមប្រឆាំង ដែលបានផ្សព្វផ្សាយអំពីរឿង «មន្ត្រីបក្សប្រឆាំង លាតត្រដាងពីលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ ជិត១លានដុល្លារ»នេះដែរនោះ បានព្យាយាមទាក់ទងឱ្យបញ្ជាក់ច្រើនលើកច្រើនសារ។
គម្រោងបង្កើតទូរទស្សន៍ព្រះអាទិត្យ របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានប្រកាសកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ ដោយគណបក្សនេះបានកៀរគរថវិកា ពីប្រជាពលរដ្ឋ និងអ្នកគាំទ្រមួយចំនួន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គណបក្សនេះមុនតុលាការកាត់ទោសរំលាយ បានបរាជ័យក្នុងការបង្កើតទូរទស្សន៍នេះវិញ ដោយអះអាងថា ការប្រមូលថវិកាមិនបានគ្រប់គ្រាន់ តាមគម្រោង៣លានដុល្លារ ខណៈដែលខ្លួនធ្លាប់បានប្រកាសថា ទូរទស្សន៍នេះនឹងត្រូវដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦៕