(ភ្នំពេញ)៖ ក្រុមអ្នកជំនាញអាជីវកម្ម ក្រោមមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(EDF) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សាខាខេត្តសៀមរាបសហការគ្នារិះរកមធ្យោបាយ ដើម្បីស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
ដោយក្នុងនោះភាគីទាំង២បានរៀបចំ សិក្ខាសាលាតាមកម្មវិធី Zoom ក្រោមប្រធានបទ «តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត? បញ្ហាប្រឈម និងកាឡានុវត្តភាពសំខាន់ៗ កំឡុងពេលមានវិបត្តិ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅខេត្តសៀមរាប»។
ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងបន្ទាប់ពីអាជីវកម្មជាច្រើន ជាពិសេសក្នុងខេត្តសៀមរាប នៅតែបន្តប្រឈម នឹងបញ្ហាជំងឺកូវីដ១៩ដូច៖ ជាការធ្លាក់ចុះនៃភ្ញៀវទេសចរ ផលប៉ះពាល់នៃការស្ថាបនាផ្លូវ៣៨ខ្សែ និងការធ្វើ ចំណាកស្រុកនៃពលករទៅកាន់ខេត្តផ្សេងទៀត។
សិក្ខាសាលានេះក៏មានការចូលរួមពីវាគ្មិនរួមជាច្រើនរួមមាន៖ លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន GGEAR និង LG លោកបណ្ឌិត តាន់ មុនីវណ្ណ នាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម ទេសចរណ៍កម្ពុជា (CTA) និងលោក ជី សិលា នាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុន Sabay Digital និង Domino’s Pizzaផងដែរ។
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងជាអគ្គនាយករងនៃ អគ្គនាយកដ្ឋានគោលនយោបាយនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា «ការស្តារប្រទេសកម្ពុជាពី ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពី ការរីករាលដាលនៃជំងឺកូវីដ១៩ គួរជាអាទិភាពកំពូល សម្រាប់រដ្ឋាភិបាល និងក្រុមវិស័យឯកជន។ នៅពេលប្រជាជនក្នុងស្រុក និងទូទាំងពិភពលោក បានទទួល ការចាក់វ៉ាក់សាំងកាន់តែច្រើន ហើយនៅពេលដែលកម្រិតនៃការឆ្លង និងការស្លាប់ដោយសារជំងឺកូវីដ១៩ ថយចុះ យើងអាចរំពឹងថាព្រំដែននឹងបើកជាថ្មី ហើយជំនួញ និងពាណិជ្ជកម្មនឹងចាប់ផ្តើមឡើងវិញ»។
លោកបានថ្លែងអំណរគុណ ដល់ក្រុមវាគ្មិនដែលបានផ្តល់ជាយុទ្ធសាស្ត្រ ដែលនឹងជម្រុញសហគ្រិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យមឱ្យ ធ្វើពិពិធកម្មផែនការអាជីវកម្ម របស់ពួកគេដើម្បី ឱ្យពួកគាត់ មានភាពធន់ក្នុងកំឡុងពេលមានជំងឺរាតត្បាត ហើយអាចត្រៀមខ្លួនទទួលយកនូវកាឡានុវត្តភាពជាច្រើនដែល នឹងកើតឡើងនៅពេលណាដែលអាជីវកម្ម និងឧស្សាហកម្មនានាវិលត្រឡប់មករកសភាពដើមវិញ។
លោកបន្ថែមថា ក្នុងនោះសូម ថ្លែងអំណរគុណ ដល់ក្រុមការងារមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងដៃគូដែលបានបង្កើតកាឡានុវត្តភាព ដូចជាសិក្ខាសាលានេះ ដែលជំរុញ ការទទួលបានកាឡានុវត្តភាពផ្នែកសហគ្រិនភាព ការចែករំលែកបទពិសោធន៍ ក្នុងការដោះស្រាយ និងជំនះ ឧបសគ្គ ការគាំទ្រផ្នែកស្មារតី និងផ្លូវចិត្ត និងបរិយាកាសមួយដែលសហគ្រិនអាចរៀនសូត្រពីរបៀបគិត បែបថ្មី និងប្រកបដោយនវានុវត្តភាព៕