(សៀមរាប)៖ អំណោយរបស់ក្រុមការងារខេត្តចុះជួយភូមិនគរក្រៅ មាន អង្ករ ទឹកដោះគោ ទឹកត្រី អំបិល ខ្ទឹម ប៊ីចេង និងស្ករស ត្រូវបានលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាល ជាប្រធានក្រុមការងារខេត្តចុះជួយភូមិនគរក្រៅ សង្កាត់គោកចក បាននាំយកទៅចែកជូនគ្រួសារក្រីក្រកម្រិត១ ចំនួន ១១៩គ្រួសារ ដែលបានជួបការខ្វះខាតក្នុងបរិបទកូវីដ១៩ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នៅបរិវេណសាលាឆទានប្រណិត ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

កម្មវិធីចែកអំណោយសប្បុរសធម៌នេះដែរ ក៏មានការចូលរួម ពីក្រុមការងារសាលាហ្គូគ្លូបល , សហភាពសហព័ន្ធយុវជនកម្ពុជាក្រុង-សង្កាត់ អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ក្នុងកាលៈទេសៈដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ។

លោក ស៊ុន ចុំណាន បានលើកផងដែរថា បញ្ហាការប្រយុទ្ធប្រឆាំង និង ការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ព្រោះថាបច្ចុប្បន្នជំងឺនេះបាននិងងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ សំខាន់នៅកម្ពុជាយើង នៅព្រឹត្តិការណ៍ ២០កុម្ភៈ។

លោកបានបន្តថា បញ្ហាចម្បងដែលអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង សង្កាត់ បាននិងកំពុងខិតខំប្រឹងប្រែងគៀងគររកជំនួយសប្បុរសធ៌ម ជាសម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សំខាន់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាក គ្រួសារ(ក្រ១) ជនងាយរងគ្រោះ ចាស់ជរា និង ជនពិការភាព ដែលជួបនូវហានីភ័យខ្ពស់ក្នុងអំឡុង ជួបនូវវិបត្តិកូវីដ-១៩ នេះ ។

ក្នុងឱកាសនោះដែរ លោក ស៊ុន ចំណាន ក៏បានផ្ដល់នូវដំបូន្មានល្អៗ និង សំណូមពរដល់បងប្អូនគ្រប់រូប ត្រូវគោរពប្រតិបត្តិឲ្យបានខ្ជាប់ ខ្ជួន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម និង សេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ ចូលចាំជាក់ថា (កូវិដមិនភ្លេចយើងទេ មានតែយើងទេភ្លចកូវិដ )។

សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ ។ ម៉្យាងទៀតរដ្ឋបាលខេត្ត បានប្រើប្រាស់គ្រប់វិធានការ ក្នុងការប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងជំងឺកូវិដ១៩ ដោយបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង គ្រប់សកម្ម ភាពរបស់ប្រជាពលរដ្ឋ សំខាន់ធ្វើការត្រួតពិនិត្យសុខភាពបឋម ចំពោះអ្នកដំណើរឆ្លងកាត់ចូលមកខេត្តសៀមរាប និងពលរដ្ឋទើបតែវិល ត្រឡបមកពីក្រៅប្រទេស ត្រូវចូលទៅស្នាក់នៅមណ្ឌលចត្តាឡីស័ក ដើមី្បពិនិត្យតាមដានសុខភាពទៀតផង៕