(ព្រៃវែង)៖ អាជ្ញាធរបានសម្រេចបិទផ្សារក្រុងព្រៃវែងជាបណ្តោះអាសន្នសិន បន្ទាប់ពីឈ្មោះ ឡេង វាសនា អាយុ២៧ឆ្នាំ មុខរបរជាជាងមាសនៅក្នុងផ្សារព្រៃវែង ត្រូវបានប្រកាសថាឆ្លងកូវីដ១៩ ក្រោយយកសំណាកនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

របាយការណ៍របស់មន្ទីរព័ត៌មានខេត្តព្រៃវែង បានបញ្ជាក់ថា ឈ្មោះ ឡេង វាសនា ភេទប្រុស ទីលំនៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (ជាងមាសនៅផ្សារក្រុងព្រៃវែង) មានអាការៈក្តៅខ្លួន ហើយបានយកសំណាកទៅវិភាគ ដោយឧបករណ៍តេស្តរហ័ស លទ្ធផលវិជ្ជមានកូវីដ១៩។

បច្ចុប្បន្នអ្នកជំងឺថ្មីនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងរួចហើយ៕