(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកជាបណ្ដោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន២កន្លែង ក្នុងសង្កាត់លេខ១ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយរកឃើញពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។

ទីតាំងដែលសម្រេចផ្អាកបណ្ដោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនោះ រួមមាន៖ ទី១៖ អគារស្នាក់នៅរួម ស៉ីនហ័ងឡឹក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងទី២៖ អគារសណ្ឋាគារ យឹងយៀក ស្ថិតក្នុងផ្លូវ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ការផ្អាកនេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ក្នុងអំឡុងពេល១៤ថ្ងៃនេះ តម្រូវឲ្យម្ចាស់ទីតាំង សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត យកទៅវិភាគរកមេរោគកូវីដ១៩ តាមការកំណត់៕