(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អំណោយសប្បុរសធម៌របស់មូលនិធិជនពិការជូនជនពិការក្រីក្រដែលរងផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ១៩ ចំនួន ១០០នាក់ និងប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៧នាក់ នៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងពិធីនេះលោករដ្ឋមន្រ្តី វង សូត បានថ្លែងថា ការផ្តល់អំណោយនេះជាការឆ្លើយតបរបស់រាជរដ្ឋាភិបាល ទៅនឹងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនពិការ នៅក្នុងពេលវេលានៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការនានាដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺនេះ និងបានទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាជន ព្រមទាំងគិតគូរដល់សុវត្ថិភាពស្បៀងអាហារដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ផងដែរ។ លោកបន្តថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវកម្មវិធីផ្តល់ជាថវិកាឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ១៩។

កិច្ចបន្តលោករដ្ឋមន្រ្តី បានផ្តល់ជាកិតិ្តយសប្រគល់នូវកញ្ចប់អំណោយដល់ជនពិការក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកា៥ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស។
ជាកិច្ចបញ្ចប់លោកក៏បានផ្តាំផ្ញើដល់បងប្អូនជនពិការត្រូវរក្សាសុខភាព ជាពិសេសត្រូវចូលរួមអនុវត្តវិធាន៣ការពារ និង៣កុំ ដើម្បីការពារខ្លួន និងក្រុមគ្រួសារពីជំងឺកូវីដ១៩៕