(កណ្តាល)៖ ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងកំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅមូលដ្ឋានស្រុកកៀនស្វាយ ខេត្តណ្តាល ។
បន្ទាប់ពីស្តាប់របាយការណ៍ការងាររបស់លោកអភិបាលស្រុករួចមក លោក ម៉ម ប៊ុននាង បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំរើការនៅរដ្ឋបាលស្រុកកៀនស្វាយ ជាពិសេសជូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយទាំងអស់ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។
លោកបានបញ្ជាក់ថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថាជំងឺកូវវីដ១៩ លែងមាននោះទេ ដូច្នេះ សូមអាជ្ញាធរស្រុកកៀនស្វាយ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារអាយុជីវិតយើង ក្រុមគ្រួសារយើង និង។
លោក ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ពិសេសអាជ្ញាធរត្រូវអនុវត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះដែរបងប្អូនកុំជឿតាមការញោះញ៉ុងរបស់ជនអគតិមួយចំនួន ដូចនេះបងប្អូនប្រជាពលរដ្ឋដែលដល់វេនទទួលការចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា និងសូមឱ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំយកអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនរដ្ឋបាលស្រុក រួមមាន ថវិការ១០លានរៀល អង្ករចំនួន០២តោន ឃីតចំនួន១០០ឃីន ដោយក្នុង០១ឃីតៗ រួមមាន៖ មី ០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូក្រាម ស្ករស០១គីឡូក្រាម ម៉ាស់០១ប្រអប់ និងធុងជ័រធំ ០១ធុង៕