(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រគល់ថេបប្លេត ចំនួន១៥០ ដែលជាអំណោយរបស់ សម្តេចតេជោ ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

ពិធីប្រគល់-ទទួល ថេបប្លេត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ នៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ។

សូមជម្រាបថា អំណោយជាថេបប្លេត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មកទល់នឹងថ្ងៃនេះ បានប្រគល់ជូនក្រុមគ្រូពេទ្យ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល, កំពង់ស្ពឺ, កំពង់ចាម, ត្បូងឃ្មុំ, មណ្ឌលគិរី និងខេត្តក្រចេះ សុរបជិត ៣០០គ្រឿង និងបន្តចែកជូនបន្ថែមទៀតដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ នៅទូទាំងប្រទេស។

សម្រាប់សម្ភារដែលប្រគល់នៅថ្ងៃនេះ រួមមាន៖ ឡេបថប (Labtop), ម៉ាស៊ីនព្រីន, ម៉ាស, សម្លៀកបំពាក់សុវត្ថិភាពរបស់គ្រូពេទ្យ, របាំងមុខ, ស្រោមជើង ស្រោមដៃ, ម៉ាស៊ីនវ៉ាស់កម្ដៅ, ម៉ាស៊ីនសម្ពាធឈាម, ធុងដាក់វ៉ាក់សាំង, មួក និងសម្ភារមួយចំនួនទៀត ក្នុងនោះក៏មានម៉ាស៊ីនវាស់កំហាប់អុកស៊ីសែន នៅម្រាមដៃមួយចំនួន ដែលជាអំណោយរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែង នៅថ្ងៃនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានពាំនាំយកនូវថេបប្លេក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ភារមួយចំនួនប្រគល់ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាអំណោយដ៏មានសារសំខាន់ សម្រាប់ឱ្យដំណើរការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យយើង កាន់តែប្រសើរជូនប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា «ក្រោមការគិតគូរ និងយកចិត្ដទុកដាក់របស់សម្ដេចតេជោ ដំណើរការចាក់វ៉ាក់សាំងរបស់យើង ក៏មានវឌ្ឍនភាពគួរជាទីមោទន ដោយគិតត្រឹមយប់មិញនេះ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ សរុបចំនួន ២,៤៦៤,៨៣៥នាក់ ហើយរំពឹងថា តួលេខនេះ នឹងអាចកើនឡើងដល់ ២លានកន្លះនៅក្នុងរយៈពេល២-៣ខាងមុខនេះ»

លោកស្រីបញ្ជាក់ថា «នេះបានឆ្លុះបញ្ចុំាងឱ្យឃើញថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ប្រជាពលរដ្ឋយើង អាចទទួលបាននូវវ៉ាក់សាំងនេះ និងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនអាចខ្វះបាននូវវត្ដមានរបស់សម្ដេចតេជោ ហ៊ុន សែន ព្រោះគ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់ ដែលប្រទេសជាតិជួបនឹងការលំបាក វត្ដមានរបស់សម្ដេច តែងតែបង្ហាញវត្ដមាន និងនៅជាប់ជានិច្ច ជួយដល់ប្រជាពលរដ្ឋ»

ទន្ទឹមនឹងនោះ ក៏បានដោះស្រាយនូវបញ្ហានានា និងផ្ដល់លទ្ធភាពជាច្រើន ជូនដល់ប្រជាពលរដ្ឋ។ និយាយដោយឡែក សម្រាប់ការងារចាក់វ៉ាក់សាំងនេះ គឺបានជួយផ្ដល់នូវវ៉ាក់សាំង ដែលជាឧបករណ៍មួយដ៏មានសារៈសំខាន់ នៅក្នុងការចូលរួមចំណែកសម្រាប់ការពារបុគ្គល ពីភាពធ្ងន់ធ្ងរនៃការវាយលុករបស់កូវីដ១៩ និងកាត់បន្ថយបានជាអតិបរិមា នៃការចូលសម្រាកពេទ្យ និងអត្រាមរណភាពផងដែរ។

ជាមួយគ្នានោះ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមបន្ដចូលរួមនៅក្នុងការអនុវត្ដនូវវិធានសុខាភិបាល និងយ័ន្ដការពារ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវ គឺ៣ការពារ និង៣កុំ ដាក់ជាប់ខ្លួន និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីរូចផុតពីការឆ្លងជំងឺកូវីដ១៩៕