Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកណ្ដាល បន្តអនុវត្តវិធានការរដ្ឋបាល នៅផ្នែកខ្លះភូមិស្វាយជ្រុំ និងភូមិអណ្ដូង នៃឃុំបែកចាន ស្រុកអង្គស្នួល ដោយត្រូវកំណត់ជា «តំបន់លឿង» រយៈពេល៧ថ្ងៃ

29-05-2021 10:32

(កណ្តាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេចស្តីពី ការបន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្ដូង នៃឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា «តំបន់លឿង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត គិតចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ការកំណត់ជា «តំបន់លឿង» មានដូចខាងក្រោម៖

* ផ្នែកខ្លះនៃភូមិស្វាយជ្រុំ៖ លើកលែង ផ្នែកខ្លះនៃប៉ែកខាងជើង ចាប់ពីផ្លូវចូលភូមិផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

* ផ្នែកខ្លះនៃភូមិអណ្តូង៖ លើកលែង ផ្នែកខ្លះនៃប៉ែកខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា ស្ថិតក្នុងភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ផែនទីនៃការកំណត់ភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្តូង នៃឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានកំណត់ជា «តំបន់លឿង» ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។

រដ្ឋបាលខេត្តបានបន្តថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាលបន្ត ចំពោះការកំណត់ផ្នែកខ្លះ នៃភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលជា «តំបន់លឿង» ត្រូវអនុលោមតាម ប្រការ៥ នៃសេចក្តីសម្រេចលេខ ០៨៣ សសរ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្តូង ភូមិត្នោតខ្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវនៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល និងត្រូវបានកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕