(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវឧកញ៉ា ញឹម សុខាល័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះមរណភាព របស់ឧបាសិកា នង តាំងអ៉ីម ដែលជាម្តាយបង្កើតរបស់លោក គង់ វិបុល។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ និងលោកជំទាវឧកញ៉ា ញឹម សុខាល័យ បានបង្ហាញសេចក្ដីក្ដុកក្ដួល និងសោកស្ដាយជាអនេក ដោយបានទទួលដំណឹងថា ឧបាសិកា នង តាំងអ៊ីម ដែលត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦៖០០នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ ឧបាសិកា នង តាំងអ៊ីម ជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាម្ដាយ ម្ដាយក្មេក និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅជាទីបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមកក្នុងឆាកជីវិតរបស់ ឧបាសិកា បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ម្យ៉ាងទៀតការបាត់បង់ ឧបាសិកា នង តាំងអ៉ីម ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសូមវិញ្ញាណក្ខន្ធរបស់ ឧបាសិកា នង តាំងអ៊ីម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕