(ព្រៃវែង)៖ ដោយមើលឃើញពីវិធានការចាំបាច់ ដើម្បីចូលរួមលើកស្ទួយផលិតផលកសិកម្ម ជាពិសេសជីវភាពបងប្អូននៅមូលដ្ឋាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង សហការជាមួយអង្គការកសិកម្មធម្មជាតិអភិវឌ្ឍកម្ពុជា និងក្រុមហ៊ុន GL Group បានអញ្ជើញបងប្អូនដែលជាកសិករសកម្ម រស់នៅក្នុងឃុំព្រៃរំដេង ស្រុកមេសាង ចំនួន៥០នាក់ ឡើងមកសិក្សា និងអនុវត្តផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងនៅកសិដ្ឋានគំរូរបស់អង្គការកសិកម្មធម្មជាតិអភិវឌ្ឍកម្ពុជា នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០១៦ ។
ថ្លែងក្នុងពិធីបើកវគ្គលោក នុត សវនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រៃរំដេង បានសង្កត់ធ្ងន់ពីសក្តានុពល នៃវិស័យកសិកម្មស្របពេលដែលកំណើនប្រជាពលរដ្ឋកម្ពុជា នៅពេលនេះ បានកើនឡើងដល់១៦លាននាក់ហើយ ហើយកំណើននេះកំពុងកើនឡើងជាលំដាប់ ក្នុងកម្រិតថេរ ១.៦% ក្នុងមួយឆ្នាំ ដែលជាកត្តាញុាំងឲ្យតម្រូវការផលិតផលកសិកម្មក៏កំពុងកើនឡើងផងដែរ ម្យ៉ាងទៀតការធ្វើសមាហរណកម្មអាស៊ានក៏បាន និងកំពុងធ្វើអោយចរាចរណ៏កសិផល ចេញ/ចូល មានភាពរលូនជាងមុន រវាងកម្ពុជា និងប្រទេសជិតខាង ដូច្នេះតម្រូវអោយបងប្អូនកសិករត្រូវបង្កើនចំណេះដឹងបន្ថែមដើម្បីធ្វើទំនើបកម្មកិច្ចការចញ្ចឹមសត្វ និងការធ្វើប្រពលវប្បកម្ម សំដៅសម្រួលដល់ចង្វាក់ផលិតកម្ម និងបង្កើនទិន្នផលជាអតិបរមា។
លោកក៏បានផ្តាំផ្ញើរបងប្អូនកសិករបន្តយកចិត្តទុកដាក់លើបញ្ហាប្រែប្រួលអាកាសធាតុ និងគ្រោះរាំងស្ងួត ក្នុងរដូវប្រាំងខាងមុខនេះ ក៏ដូចជាការពិចារណាអោយបានល្អិតល្អន់ពីការប្រើប្រាស់កម្ចីឥនទានផងដែរ។
ដើម្បីបន្តអភិវឌ្ឍការងារនេះ ក្នុងនាមក្រុមការងារ និងដៃគូពាក់ព័ន្ធ លោកប្រធានក៏បានសន្យាបន្តវគ្គបណ្តុះបណ្តាលនេះអោយបាន២ខែម្តងជាប្រចាំជូនប្រជាកសិករក្នុងឃុំព្រៃរំដង ក៏ដូចជាស្រុកមេសាងទាំងមូល៕