(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួនជិត ២លាននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដែលថាអ្នករស់នៅភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់គ្នា យ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់ឱ្យបានលឿន ដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។
ជាក់ស្តែង ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញ ចំនួន ១.៩១៤.៦៤១នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងនោះ តួលេខនៅថ្ងៃទី២៦ ខែឧសភា មានចំនួន ១.៨២១.៥៥៩នាក់ និងតួលេខនៅថ្ងៃទី២៧ ខែឧសភា បន្ថែមចំនួន ៩៣.០៨២នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកចាក់បានកើនឡើងរហូតដល់ចំនួន ១.៩១៤.៦៤១នាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ៕