(កោះកុង)៖ ដើម្បីសុវត្ថិភាពដល់អាយុជីវិតដល់បងប្អូនជាប្រជាពលរដ្ឋ និងដើម្បីយល់កាន់តែច្បាស់ទៅលើច្បាប់ចរាចរណ៍កាន់តែខ្លាំងនោះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ សាខាសមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត (យុវជនក្រុ១២) ប្រចាំខេត្តកោះកុង បានចែកមួកសុវត្ថិភាព ជូនដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និងអ្នករត់ម៉ូតូឌុប សរុបចំនួន៣៩៦នាក់។
ពិធីសំណេះសំណាលស្តីពីច្បាប់ចរាចរណ៍ និងចែកជូនមួកសុវត្ថិភាពនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៊ុន លើត អភិបាលខេត្តកោះកុង និងមានការចូលរួមពីលោក ហាក់ ឡេង ប្រធានសមាគមបញ្ញាវន្ត និងយុវជនក្រុម១២ សាខាខេត្តកោះកុង ព្រមទាំងសមាជិកសមាជិកាក្រោមឱវាទ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក ប៊ុន លើត បានថ្លែងថា ថ្ងៃនេះលោកមានមោទនភាពភាពណាស់ ដែលបានបងប្អូនមកចូលរួមស្តាប់ ពីការពន្យល់ និងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ គឺដើម្បីយល់ដឹងកាន់តែខ្លាំង ហើយធ្វើឲ្យយើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងពេលបើកបរពីព្រោះគ្រោះថ្នាក់យើងមើលពំុឃើញនោះទេ។ ហេតុនេះយើងត្រូវត្រូវចេះយោគយល់គ្នាទៅវិញទៅមកនេះជាលក្ខណៈល្អប្រសើរ ហើយលោកសូមឲ្យនៅពេលមានជាតិស្រវឹងចូលក្នុងខ្លួនកំុបើកបរឲ្យសោះជៀសវាងគ្រោះថ្នាក់ ៕