(កណ្ដាល)៖ គិតមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកណ្ដាល បានធ្វើតេស្តរកឃើញទណ្ឌិត និងមន្ត្រីពន្ធនាគារខេត្តកណ្ដាលដែលឆ្លងកូវីដ១៩ កើនឡើង ២៩៨នាក់។
យោងតាមរបាយការណ៍ដែលភ្នាក់ងារ Fresh News ទទួលបាននៅយប់ថ្ងៃនេះ បានឱ្យដឹងថា ករណីឆ្លងនេះបានកើតឡើងតាំងពីថ្ងៃទី២៥ ខែឧសភា ដោយដំបូងរកឃើញទណ្ឌិតចំនួន ១០៣នាក់ និងមន្ត្រីពន្ធនាគារ ៣នាក់ ហើយគិតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងកើនឡើង ២៩៨នាក់ហើយ។
អ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ ផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារតែម្ដង ដើម្បីការពារមិនឲ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅឡើយ។ ចំណែកឯមន្ត្រីនគរបាលវិញ ក៏ត្រូវបានដាក់ពង្រាយយាមកាមជុំវិញពន្ធនាគារផងដែរ។
ក្រោយរកឃើញថាមានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារ បានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឲ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត៕