Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការប្រើប្រាស់ប្រព័ន្ធឌីជីថល មានសារៈសំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញនៅកម្ពុជា ក្រោយវិបត្ដិជំងឺកូវីដ-១៩

28-05-2021 16:46

(ភ្នំពេញ)៖ លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា ការពន្លឿន ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺមានសារៈសំខាន់ ក្នុងការជួយស្ដារសេដ្ឋកិច្ចជាតិឡើងវិញនៅកម្ពុជា ក្រោយវិបត្ដិជំងឺកូវីដ-១៩។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «វេទិកាឌីជីថល និងការស្តារសេដ្ឋកិច្ច ក្រោយកូវីដ-១៩ នៅកម្ពុជា» ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ ZOOM នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ហួត ពុំ បានឲ្យដឹងទៀតថា ក្នុងវិបត្ដិកូវីដ១៩នេះ ការប្រើប្រាស់ប្រព័ន្ធឌីជីថល មានការកើនឡើងដូចជា៖ ការធ្វើពាណិជ្ជកម្ម តាមរយៈប្រព័ន្ធអនឡាញ ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិកជាដើម -ល-។

បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានបន្ដថា ការជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺជានិន្នាការមួយដ៏សំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជា ការផ្ដល់លទ្ធភាពនូវការបង្កឲ្យមានការបង្កើនសមាហរណកម្ម នៅក្នុងតំបន់ផងដែរ។

ថ្លែងក្នុងសិក្ខាសាលាខាងលើនេះ លោក ហួត ពុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ការពន្លឿនការប្រើប្រាស់ប្រព័ន្ធឌីជីថល មានសារៈសំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា»

លោក ហួត ពុំ បានបន្ដថា ក្នុងវិបត្ដិកូវីដ១៩នេះ ការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺជាដំណោះស្រាយដ៏ល្អបំផុត ក្នុងការដោះសា្រយ ដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ច មានការកើនឡើង។

ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ក៏បានស្នើដល់អ្នកពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ត្រូវធ្វើការរួមគ្នាបង្កើតសេវាឌីជីថល ដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានលទ្ធផល ឲ្យកាន់តែល្អប្រសើរផងដែរ។

លោក រស់ សីលវ៉ា រដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច បានតាំងតែងគោលនយោបាយសេដ្ឋកិច្ចម៉ាក្រូ ជាពិសេសទាក់ទង នឹងការវិនិយោគ នៅក្នុង ICT (វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន) ឬក៏ថ្នាលឌីជីថលជាដើម។

លោក រស់ សីលវ៉ា បានគូសបញ្ជាក់ឲ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធឌីជីថល បានកើតឡើងលឿន ហើយបញ្ហាកូវីដ-១៩ ក៏បានធ្វើឲ្យមានការផ្លាស់ប្ដូរ នៅប្រតិបត្ដិការទំនាក់ទំនងផងដែរ៕