(ក្រចេះ)៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ ទើបតែសម្រេចបាននូវសៀវភៅ «ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តក្រចេះ ២០២១-២០២៥» សម្រាប់ធ្វើជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានភាពរីកចម្រើន រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ អភិរក្សធនធានធម្មជាតិ និងវប្បធម៌នៅទូទាំងខេត្តមួយនេះ។
លោក ប៉ុន សំបូរ អនុប្រធានមន្ទីរទេសចរណ៍ក្រចេះ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា គោលបំណងនៃការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ រយៈពេលប្រាំឆ្នាំនេះ គឺដើម្បី៖
* បង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្លែកៗ ប្រកបដោយគុណភាពដើម្បីផ្គត់ផ្គង់ទីផ្សារទេសចរណ៍ ដូចជាកសិទេសចរណ៍ ដោយប្រែក្លាយពីកសិដ្ឋានចម្ការហូបផ្លែទៅជាទីកន្លែងកម្សាន្តផ្តល់បទពិសោធន៍ ចំពោះវិស័យកសិកម្មនឹងប្រែក្លាយតំបន់ទាក់ទាញធម្មជាតិដែលមានសក្តានុពលផ្សារភា្ជប់ជាមួយសហគមន៍ ឲ្យក្លាយជាតំបន់អេកូទេសចរណ៍។
* កែលម្អរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលមានស្រាប់ដោយតម្រង់ទិសស្របតាមបទដ្ឋាននៃចលនាប្រឡងប្រណាំងរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍គំរូ។
លើកទឹកចិត្តចំពោះសហគមន៍ ឬវិស័យ ឯកជនក្នុងការវិនិយោគបង្កើតកន្លែងកម្សាន្តទាំងកែច្នៃ និងធម្មជាតិឲ្យបានច្រើនបន្ថែមទៀតសម្រាប់បម្រើការងារដល់ភ្ញៀវទេសចរ រួមចំណែកបង្កើនការងារជូនប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។
* ជំរុញវិស័យទេសចរណ៍របស់ខេត្តឲ្យក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធិភាពក្នុងការអភិរក្សធនធានធម្មជាតិ និងធនធានវប្បធម៌មូលដ្ឋានជាគោលដៅទាក់ទាញល្អបំផុត។
* អភិវឌ្ឍទេសចរណ៍ខេត្តក្រចេះទៅជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ធម្មជាតិ និងកែឆ្នៃប្រកបដោយភាពទាក់ទាញ និងមាននិរន្តរភាព ដើម្បីទាក់ទាញទេសចរជាតិអាចមកកម្សាន្តបានប្រមាណ ១៧០,០០០ ម៉ឺននាក់ និងទេសចរអន្តរជាតិប្រមាន ១៧,០០០ នាក់ក្នុងឆ្នាំ២០២៥ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកអនុប្រធាន ប៉ុន សំបូរ បានថ្លែងយ៉ាងដូច្នេះថា «ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តក្រចេះ ២០២១-២០២៥ នេះគឺជាត្រីវិស័យ និងផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់បំផុតដល់គ្រប់បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធ (រដ្ឋ ឯកជន អង្គការដៃគូ) ទាំងអស់ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តនេះ កាន់តែមានភាពរីកចម្រើន ដែលអាចរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏ថ្លៃថ្លាផូរផង់នៃសហគមន៍នៅក្នុងខេត្តក្រចេះដែរ»។
លោកបានបន្ត ដើម្បីសម្រេចកិច្ចការអភិវឌ្ឍនេះបាន គឺទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងស្អិតល្មួត ក្នុងការចូលរួមអនុវត្តផែនការសកម្មភាព និងជំរុញលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត ដោយឈរលើមូលដ្ឋានចក្ខុវិស័យដ៏រឹងមំារួមគ្នាមួយ គឺ «យើងរួមគ្នាប្រែក្លាយខេត្តក្រចេះ ជាទីគោលដៅទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងជាមេដែកដ៏ទាក់ទាញបំផុតនៅក្នុងតំបន់ភូមិភាគឦសាន តាមរយៈកិច្ចបន្តអភិវឌ្ឍន៍នូវផលិតផល ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ប្រកបដោយចីរភាព»។
លោកបានបន្តទៀតថា គោលដៅទេសចរណ៍ដែលបានកំណត់ក្នុងផែនការអភិវឌ្ឍន៍នេះ គឺមានដល់ទៅ ១៨ ទីតាំងឯណោះ ក្នុងនោះរួមមាន៖ រមណីយដ្ឋានវត្តសសរ១០០ រមណីយភ្នំសំបុក រមណីយដ្ឋានវត្តវិហារបុរាណរកាកណ្ដាល រមណីយដ្ឋានភ្នំសុពណ៌កាឡី រមណីយដ្ឋានប្រាសាទប្រាំ រមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានទឹកជួរកាំពី រមណីយដ្ឋានភ្នំព្រះ រមណីយដ្ឋានតាព្រហ្ម សហគមន៍អេកូទេសចរណ៍កោះទ្រង់ សហគមន៍អេកូទេសចរណ៍ព្រែកជ្រៃមាំង សហគមន៍អេកូទេសចរណ៍កោះសាមសិប សហគមន៍អេកូទេសចរណ៍កោះផ្ដៅ សហគមន៍អេកូទេសចរណ៍កោះដំបង សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ រមណីយដ្ឋានកោះសុក្រម រមណីយដ្ឋានទំនប់ជីវឺន៧៩ និងរមណីយដ្ឋានឆ្នេរសុពណ៌កាឡី។
ទោះជាយ៉ាងណា មន្ទីរទេសចរណ៍ខេត្តក្រចេះនឹងបន្តសិក្សានៅតាមគោលដៅផ្សេងទៀត ដើម្បីពិនិត្យលើលទ្ធភាពក្នុងការបង្កើតសហគមន៍អេកូទេសចរណ៍បន្ថែម ពិសេសភូមិសាស្ត្រតាមដងទន្លេមេគង្គលើនៃខេត្តក្រចេះ ពីព្រោះសហគមន៍អេកូទេសចរណ៍ គឺជាគោលការតែមួយគត់ក្នុងការអភិវឌ្ឍបម្រើឱ្យការអភិរក្ស អភិរក្សបម្រើឱ្យការអភិវឌ្ឍ ពោលគឺជាយន្តការការពារអភិរក្សធនធានធម្មជាតិ លើកកម្ពស់ជីវភាពសហគមន៍។
ចំពោះបញ្ហារៀបចំហេដ្ឋារចនាសម្ពន្ធវិញ លោក ប៉ុន សំបូរ បានបន្តថា នៅតាមគោលដៅទេសចរណ៍ដែលមានស្រាប់ទាំង ១៨ ទីតាំងនោះ គឺបែកចែកជាពីរ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធខ្នាតតូចនៅក្នុងសហគមន៍ ដូចជា ផ្លូវចូលព្រៃ ផ្លូវជិះកង់ជាដើម ជួយផ្គត់ផ្គង់សម្ភារបរិក្ខារផ្សេងៗសម្រាប់សហគមន៍។ រីឯការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធខ្នាតធំ គឺមានការពាក់ព័ន្ធដល់ក្រសួង ស្ថាប័នអន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការជាមួយមន្ទីរពាក់ព័ន្ធ ដូចជា មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាដើម ដើម្បីអនុវត្តការជួសជុល និងកសាងផ្លូវថ្មីចូលទៅកាន់សហគមន៍ ក៏ដូចជាតំបន់ទេសចរណ៍ទាំងនោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរគ្រប់គ្នា។
អ្វីដែលជាចក្ខុវិស័យសម្រាប់ការអនុវត្តផែនការ អភិវឌ្ឍទេសចរណ៍ខេត្តក្រចេះនេះ គឺសំដៅធ្វើឱ្យខេត្តក្រចេះក្លាយជាខេត្តគោលដៅឋានសួគ៌នៃ ទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំង ជាខេត្តគំរូមានភាព ទាក់ ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន តាមរយៈការពង្រឹងគុណភាពផលិត ផល ទេសចរណ៍ឲ្យកាន់តែមានគុណភាព និងបង្កើតនូវព្រឹតិ្តការណ៍ទេសចរណ៍ប្លែកថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកកម្សាន្តក្នុងខេត្តក្រចេះឲ្យកាន់តែកើនទ្វេដង៕