(កំពត)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តិទៅ នៅសាលប្រជុំសាលាដំបូងខេត្តកំពត ដោយគោរពទៅតាមវិធានការសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយមានការចូលរួមពី លោក ជាវ តាយ អភិបាលខេត្តកំពត និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងប្រតិភូក្រសួងយុត្តិធម៌ ជួរថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ។

បើតាមព្រះរាជក្រឹត្យ, លោក លាង សំណាត់ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាប្រធានសាលាដំបូងខេត្តកំពត ជំនួសលោក ឡុង កេសភីរម្យ ដែលត្រូវផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក ជាវ តាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារពាក់ព័ន្ធវិស័យយុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាដំបូងខេត្តកំពត ដែលតែងតែបានយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបានធ្វើឲ្យការផ្ដល់សេវាយុត្តិធម៌បម្រើជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពបានល្អប្រសើរ។

ដោយឡែក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោកអភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំងអាជ្ញាធរសមត្ថកិច្ចជំនាញ ទាំងអស់ក្នុងខេត្តទាំងពីរ គឺខេត្តកំពត និងខេត្តកែប តែងតែបានសហការជាមួយសាលាដំបូង និងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អ ពិសេសក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ត្រូវបានដោះស្រាយបញ្ចប់សម្រេចលទ្ធផលជោគជ័យ។

លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្តទាំងពីរខាងលើ ជាពិសេស លោក លាង សំណាត់ ដែលទើបតែងតាំងជាប្រធានសាលាដំបូងខេត្តកំពតថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ ហើយត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ និងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត៕