(កំពង់ធំ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន៥នាក់ ក្នុងបាតុភូតធម្មជាតិរន្ទះបាញ់ ក្នុងពេលតែមួយកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះចាំចម្ការ ទទួលស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ គ្រាដែលមានភ្លៀងធ្លាក់មួយមេយ៉ាងធំ។ នេះបើតាមលោកអនុសេនីយ៍ត្រី ហង្ស ឡែម នាយប៉ុស្តិ៍ឃុំសាលាវិស័យ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
មេប៉ុស្តិ៍រូបនេះ បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីរន្ទះបាញ់បណ្តាលឱ្យស្លាប់មនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ និងស្រាលចំនួន០៥នាក់នេះ រួមមាន៖
*ទី១៖ ឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ
*ទី២៖ ឈ្មោះ ធួក លីម ភេទប្រុស អាយុ ៦២ឆ្នាំ
*ទី៣៖ ឈ្មោះ ឯម ស្រ៊ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ អ្នកទាំង៣នាក់នេះ បានស្លាប់ភ្លាមៗក្នុងពេលកើតហេតុតែម្តង។
ដោយឡែក អ្នករបួសធ្ងន់ និងស្រាល ៥នាក់ទៀត រួមមាន៖
*ទី៖ ឈ្មោះ សួស គីម ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសស្រាល)
*ទី២៖ ឈ្មោះ ព្រុំ លាត ភេទប្រុស អាយុ ៦៧ឆ្នាំ (របួសស្រាល)
*ទី៣៖ ឈ្មោះ ធួក និល ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសធ្ងន់)
*ទី៤៖ ឈ្មោះ សៀន យ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ (របួសធ្ងន់)
*ទី៥៖ ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ (របួសស្រាល) ទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បើតាមប្រជាពលរដ្ឋនៅភូមិបុស្សវែង ឃុំសាលាវិ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានចេញទៅធ្វើការជាក្រុមក្នុងភូមិខាងលើ គាប់ជួនពេលនោះមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ធ្វើឱ្យជនរងគ្រោះទាំង ៧នាក់ រត់ចូលជ្រកក្នុងខ្ទមមួយ ចៃដន្យមានរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់បានស្លាប់ ៥នាក់ទៀត រងរបួសធ្ងន់ និងស្រាលនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យជាក់ស្តែងហើយជនរងគ្រោះដែលរងរបួសធ្ងន់ និងស្រាលត្រូវបានសាច់ញាតិយកទៅព្យាបាល។ ក្រោយកើតហេតុសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យជាក់ស្តែងហើយជនរងគ្រោះ ដែលរងរបួសធ្ងន់ និងស្រាលត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕