(ភ្នំពេញ)៖ ភពផែនដី និងប្រជាជននៅលើផែនដី កំពុងតែទទួលរងនូវបំរែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ។ ជាការពិត បំរែបំរួលអាកាសធាតុនេះ ត្រូវបានកើតឡើងជាចំបងដោយសកម្មភាពរបស់មនុស្ស។
យោងទៅតាម របាយការណ៏របស់អង្គការឧតុនិយមពិភពលោកស្តីពីបំរែបំរួលអាកាសធាតុឆ្នាំ២០២០ សីតុណ្ហភាពមធ្យមសកល ត្រូវបានកើនឡើង១,២អង្សាសេបើប្រៀបធៀបទៅនឹងកម្រិតមុនសម័យឧស្សាហូបនីយកម្ម (ជាមូលដ្ឋានចាប់ពីឆ្នាំ ១៨៥០ ដល់ឆ្នាំ១៩០០ )។
ឆ្នាំ២០២០ ទំនងជាឆ្នាំមួយ ក្នុងចំណោមឆ្នាំក្តៅបំផុតទំាងបីលើកំណត់ត្រាពិភពលោក ហើយកាលពី៦ឆ្នាំមុន ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ទំនងជា៦ឆ្នាំដ៏ក្តៅបំផុតលើកំណត់ត្រាពិភពលោក។ នាឆ្នំា២០១៩ កំហាប់កាបូនឌីអុកស៊ីត បានឈានដល់កំរិតខ្ពស់ថ្មីជាង៤១០ផ្នែកក្នុងមួយលាន(ppm) ពីកម្រិត២៧០ ដល់២៨០ppm ក្នុងយុគសម័យមុនសឧស្សាហូបនីយកម្ម ទោះបីមានការកើនឡើងបន្តិចក្នុងអត្រាកំណើនប្រចាំឆ្នាំនៃកំហាប់កាបូនឌីអុកស៊ីត ក្នុងបរិយាកាសទាក់ទងនឹងវិធានការណ៏ដែលបានអនុវត្ត ជាការឆ្លើយតបនឹងរោគរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០។
ផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៏ បានជួបប្រទះនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅចំពេលមានបំរែបំរួលអាកាសធាតុពិភពលោក នាខែតុលា និងខែវិច្ឆិកាឆ្នាំមុន។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺភាគកណ្តាលនៃប្រទេសវៀតណាម ដែលភ្លៀងធ្លាក់ខ្លាំងនៃខ្យល់មូសុងទិសឥសាន្ត ត្រូវបានធ្វើអោយកាន់តែធ្ងន់ធ្ងរឡើង ដោយសារការបន្តមានឡើងនៃខ្យល់ព្យុះស៊ីក្លូនត្រូពិក។ ទឹកជំនន់នេះ ក៏បានរាលដាលបន្ថែមទៀតនៅភាគខាងលិចនៃប្រទេសកម្ពុជា។ លើសពីនេះទៀត គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ បានជះឥទ្ធិពលដល់ផ្នែកជាច្រើននៃអាមេរិកខាងត្បូង និងមានភ្លើងឆេះព្រៃជាច្រើននៅទូទាំងសហរដ្ឋអាមេរិកខាងលិច និង អូស្ត្រាលីខាងកើតក្នុងឆ្នាំ២០២០។
ប្រទេសកម្ពុជាត្រូវបានផ្តល់ជូននូវ មូលដ្ឋានធនធានធម្មជាតិដ៏សំបូរបែប។ នេះគឺជាគន្លឹះសំរាប់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជាជន។ ប៉ុន្តែវាត្រូវបានគំរាមកំហែងដោយបំរែបំរួលលក្ខខណ្ឌអាកាសធាតុ។ ដោយឡែក បំរែបំរួលលក្ខខណ្ឌអាកាសធាតុ បង្កការគំរាមកំហែងជាបន្តចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេស ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទន្លេមេគង្គ និងអាងទន្លេសាប។ អាងទំាងនេះត្រូវបានកំណត់ដោយ ធារាសាស្ត្រសន្ទុះទឹកជំនន់ ដែលមានបំរែបំរួលដ៏សំខាន់នៃកំរិតទឹកនាចន្លោះរដូវវស្សា និងរដូវប្រំាង។ ប្រព័ន្ធសន្ទុះទឹកជំនន់ធ្វើអោយមានព្រៃលិចទឹក វាលស្មៅ និងដីសើម ក៏ដូចជាជលផលទឹកសាបដ៏សំបូរបែប និងមានផលិតភាពបំផុតរបស់ពិភពលោក។ វាក៏មានការផ្គត់ផ្គង់ដ៏ទូលំទូលាយ នូវធនធានទឹកសាបរបស់ប្រទេសសម្រាប់វិស័យកសិកម្មផងដែរ។ កសិកម្ម និងជលផលដែលមានចំនួន២៧ភាគរយ និង១២ភាគរយនៃផលិតផលក្នុងស្រុកសរុបនីមួយៗ គឺជាគន្លឹះនៃសន្តិសុខស្បៀងក្នុងប្រទេសកម្ពុជា និងការចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការដោះស្រាយបំរែបំរួលអាកាសធាតុ សាធារណរដ្ឋកូរ៉េបានប្រកាសនូវផែនការមហិច្ឆតារបស់ខ្លួន ដើម្បីសម្រេចគោលដៅនៃអព្យាក្រឹត្យភាពកាបូនត្រឹមឆ្នាំ២០៥០។ យោងទៅតាម សេចក្តីប្រកាសកាលពីឆ្នាំមុន របស់ដំណោះស្រាយសភា ដែលបានដាក់ចេញផែនការដ៏ធំមួយ សម្រាប់ការដោះស្រាយបំរែបំរួលអាកាសធាតុ រដ្ឋាភិបាលកូរ៉េមានគំរោងវិនិយោគ៦២ពាន់លានដុល្លារ ក្នុងគម្រោងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺកូវីដ១៩។ ផែនការមួយចំនួនរួមមាន ការបំលែងឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើកាបូនភាគច្រើននៅក្នុងប្រទេស ឲ្យទៅជាប្រព័ន្ធកាបូនទាប និងការជំរុញការប្រើប្រាស់ប្រភពថាមពលមិនមែនផូស៊ីល ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលវារីអគ្គិសនី។
នៅក្នុងបរិបទនេះ សាធារណរដ្ឋកូរ៉េនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទីពីរ តាមរយៈប្រព័ន្ធអនឡាញ នាថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំនេះ ក្រោមប្រធានបទ “ការស្តារឡើងវិញប្រកបដោយពណ៌បៃតង ឆ្ពោះទៅរកអព្យាក្រឹត្យភាពកាបូន”។ P4G ដែលតំណាងអោយ ដៃគូដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យ P4G ធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។ ទំាងនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាធាតុដ៏សំខាន់ក្នុងការឆ្លើយតបជាសកលចំពោះបំរែបំរួលអាកាសធាតុ។
កិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូល នឹងបង្កើតសន្ទុះថ្មីសំរាប់ការពិភាក្សាលើបញ្ហាសំខាន់ៗ ខណៈប្រទេសនានាត្រៀមរៀបចំ សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៃភាគីនានាលើកទី២៦ (COP26) ដែលនឹងត្រូវបានធ្វើឡើងនៅទីក្រុងក្លាសហ្គោ (Glasgow) ប្រទេសអង់គ្លេស នាខែវិច្ឆិកាឆ្នាំនេះ។ កិច្ចប្រជុំកំពូលទីក្រុងសេអ៊ូល នឹងរួមបញ្ចូលកិច្ចពិភាក្សាថ្នាក់ដឹកនាំ ដែលមានការពិភាក្សាផ្ទាល់ក្នុងចំណោមមេដឹកនំា និងកិច្ចប្រជុំមេដឹកនំា ដែលសារវីដេអូដែលបានថតទុកជាមុនដោយអ្នកដឹកនំា នឹងត្រូវបានបង្ហាញ។
លោកប្រធានាធិបតី មូន ចេអ៊ីន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋប្រមាណ៦០នាក់ និងថ្នាក់ដឹកនំានៃអង្គការអន្តរជាតិនានា នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។ កិច្ចសន្ទនា និងកិច្ចប្រជុំរបស់ថ្នាក់ដឹកនំា អាចត្រូវបានចូលទស្សនាដោយសាធារណជន តាមរយៈប្រព័ន្ធអនឡាញកិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូលឆ្នំា២០២១។
យើងជឿជាក់ថា កិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូល ដែលចូលរួមទាំងវិស័យសាធារណៈ និងឯកជនក្នុងការវិនិយោគលើដំណោះស្រាយផ្លាស់ប្តូរ នឹងផ្តល់នូវវេទិកាពិភពលោកដ៏សំខាន់ សំរាប់តួអង្គសំខាន់ៗទំាងអស់ ដើម្បីជួយសំរួលដល់សកម្មភាពរួម ដែលត្រូវការដើម្បីដោះស្រាយនូវបំរែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ៕
ដោយ៖ លោក ផាក ហ៊ឺងខ្យង់
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាប្រទេសកម្ពុជា