(ត្បូងឃ្មុំ)៖ បុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ បន្ទាប់ពីវាយសម្លាប់អ្នកយាមជាយោធាម្នាក់ ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានគាំងបេះដូងស្លាប់ បណ្តាលមកពីផលវិបាកនៃការប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ ចំពោះអ្នកជំងឺកូវីដ១៩។ នេះបើតាមការឱ្យដឹងពីមន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកពញាក្រែក ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បុរសជាយោធា ដែលស្លាប់ដោយសារជនញៀនថ្នាំសម្លាប់កាលពីថ្ងៃល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។
ចំណែកឃាតកដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ និងបានគាំងបេះដូងស្លាប់ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
សពជាឃាតករ ត្រូវបានបញ្ជូនយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក៕