(ព្រះវិហារ)៖ លោកតាអាយុ១២០ម្នាក់ និងលោកតាអាយុ៧៤ឆ្នាំម្នាក់ទៀត ព្រមទាំងប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសំបែង ស្ថិតក្នុងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដើម្បីចាត់បន្ថយការលំបាករបស់ពួកគាត់។
លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានអនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ។
លោក ហោ ប៊ុនហួរ បានបន្តថា អំណោយដែលចែកជូនលោកតាជាចាស់ជរា ដែលមានអាយុ ១២០ឆ្នាំ និងអាយុ៧៤ឆ្នាំ នៅពេលនេះ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០មុឺនរៀល អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកសុីអុីវ១យួរ និងទឹកសុទ្ធ ៥យួរ។
ចំណែកប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក ចំនួន៤គ្រួសារ ទទួលបានថវិកា ១០មុឺនរៀល អង្ក២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកសុីអុីវ១យួរ និងទឹកបរិសុទ្ធ២យួរ ផងដែរ៕