(ភ្នំពេញ)៖ ស្បៀងអាហារជាច្រើនមុខ ត្រូវបានក្រុមហ៊ុនឯកជនមួយនៅក្នុងស្រុក នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក នួន ផារ័ត្ន អភីបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក នួន ផារ័ត្ន ក្នុងឱកាសនោះ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនហ្គោ២៤ ខេមបូឌា ឯ.ក ដែលបានឧបត្ថម្ភ ទឹកបរិសុទ្ធ (ចំណុះ៥០០មីលីលីត្រ) ចំនួន២០០កេស មីជាតិ ចំនួន១៦០កេសតូច ទឹកស៊ីស៊ីវ ចំនួន៥០កេស ទឹកត្រី ចំនួន៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ១៩។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ១៩៕