(ព្រះសីហនុ)៖ លោក ហេង ប៊ុនទី មេបញ្ជារការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ដោយយោងតាមពាក្យបណ្តឹង របស់តំណាងក្រុមហ៊ុន អុយញ៉ុង មានចោរលួចកាត់សៀលទូរកុងតឺន័រ លួចសម្ភារនៅក្នុងទូរនោះ ទើបរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានពួនស្ទាក់ និងឆែកទូកុងតឺន័រ របស់ក្រុមហ៊ុន នៅចំនុចគីឡូម៉ែត្រ លេខ១៤៤ -១៤៥ ស្ថិតក្នុងភូមិចំការហ្លូង ឃុំចំការហ្លូង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្នុងការឃាត់រថយន្តកុងតឺន័រនោះ កម្លាំងអាវុធហ្ថបានឃាត់ខ្លួន ជនសង្ស័យ២នាក់និងរថយន្តកុងទីន័រមួយគ្រឿងស្លាកលេខភ្នំពេញ 3B-4161 ខណៈដែលមន្ត្រីអាវុធហត្ថឈរឆែក គឺជនសង្ស័យដែលជាអ្នកបើក និងព្រូ របស់ក្រុមហ៊ុនអ៊ុយញ៉ុងបានឈប់រថយន្តរួចរត់ចូលព្រៃ ភ្លាមៗកម្លាំងអាវុធហត្ថ បានដេញចាប់បានទាំង២នាក់មកវិញ។ បន្ទាប់ពីឃាត់ខ្លួនបានហើយ កម្លាំងបានឆែកឃើញលុយ ចំនួន៤០០០ដុល្លារ និងថ្នាំញៀន២កញ្ចប់។
ក្រោយពីឆែកឃើញលុយ និងថ្នាំញៀនដែលគួរឲ្យសង្ស័យជនទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជួនមកកាន់ទីបញ្ជារការ ដើម្បីរង់ចាំតំណាងក្រុមហ៊ុន មកត្រួតពិនិត្យ និងកាត់សៀលកុងតឺន័រមើល ដើម្បីបញ្ជាក់ការពិត៕