(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីនៃអង្គភាពពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលសំណាកអ្នកពាក់ព័ន្ធ និងអ្នកវិជ្ជមានកូវីដ-១៩ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីធ្វើតេស្តសុខភាព និងបិទខ្ទប់ផ្ទះមួយចំនួនដែលពាក់ព័ន្ធនឹងការប៉ះពាល់អ្នកកើតជំងឺកូវីដ-១៩។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កម្មករ-កម្មការិនី នៅរោងចក្រខាលីនតុន ក្នុងស្រុកជើងព្រៃ ប្រមាណជា៨,០០០នាក់ ដែលសង្ស័យបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវប្រមូលសំណាកដើម្បីធ្វើតេស្តរហ័ស នៅថ្ងៃទី២៩ ខែឧសភាស្អែកនេះ ប៉ុន្តែក្រោយពីអាជ្ញាធរខេត្ត បានចុះពិនិត្យ និងរៀបចំកន្លែងធ្វើចត្តាឡីស័ក ទើបសម្រេចលើកទៅធ្វើតេស្តនៅថ្ងៃទី៣១ ខែឧសភាវិញ។
លោកអភិបាលខេត្ត បានបន្តថា បន្ទាប់ពីចុះពិនិត្យ និងរៀបចំកន្លែងធ្វើចត្តាឡីស័ក នៅរោងចក្រ ខាលីនតុន ក្រុមការងារបានចុះពិនិត្យតាមខ្នងផ្ទះរបស់ កម្មករ-កម្មការិនី ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដែលវិជ្ជមានកូវីដ-១៩ ហើយបានប៉ះពាល់ជាមួយក្រុមគ្រួសារ និងត្រូវប្រមូលអ្នកដែលពាក់ព័ន្ធ យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងក្រុងកំពង់ចាម។ ចំពោះផ្ទះរបស់ពួកគាត់ ត្រូវបានបិទខ្ទប់ការពារដោយអាជ្ញាធរមូលដ្ឋាន ហាមចេញ-ចូល។
បើតាមលោកអភិបាលខេត្ត អាជ្ញាធរបានដាក់វិធានការ រៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែម ដើម្បីនាំយកអ្នកដែលប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ មកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវក្នុងមណ្ឌលតែម្ដង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាននាំយកអំណោយមាន អង្ករ១០០គីឡូ, មី១០កេស និងម៉ាសមួយចំនួនធំ ប្រគល់ជូនមណ្ឌលចត្តាឡីស័ក ក្នុងស្រុកព្រៃឈរ និងប្រគល់រថយន្តដឹកសំរាម ដែលជាអំណោយរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនរដ្ឋបាលស្រុកព្រៃឈរផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ថ្ងៃនេះដែរមណ្ឌលចត្តាឡីស័ក តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម មានប្រមាណជាង១០មណ្ឌល សុទ្ធតែទទួលបាន អំណោយមានអង្ករ ១០០គីឡូ, មី១០កេស និងម៉ាសមួយចំនួនធំដូចៗគ្នា៕