(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស រួមជាមួយមន្ត្រីក្រោមឱវាទ សង្គមស៊ីវិល និងភាគីក្រុមហ៊ុន នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ បានចុះពិនិត្យជាក់ស្តែងពីស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់បុរីកីឡា ក្រោយពីមានការដោះស្រាយ គ្នាជាបន្តបន្ទាប់នោះ។
លោកមាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះមកពិនិត្យផ្ទាល់របស់លោក ប៉ា សុជាតិវង្ស នៅតំបន់បុរីកីឡានេះ មានគោលបំណង៣សំខាន់៖ ទី១ ការត្រួតពិនិត្យមើលការងារអនាម័យបរិស្ថាន បញ្ហាសម្រាមនៅក្នុងបុរីកីឡា, ទី២-ការងារសន្តិសុខក្នុងផ្សារលក់ដូរ ក្រោយអគារទាំង៨នៅក្នុងបុរីកីឡា និងទី៣ការរៀបចំពន្លឿន នៃការដោះស្រាយអ្នកដែលនៅសេសសល់។
ជុំវិញបញ្ហាខាងលើនេះ លោក ប៉ា សុជាតិវង្ស ក៏បានជម្រុញឲ្យអាជ្ញាធរ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ត្រូវរួមគ្នាដើម្បីធ្វើកិច្ចការងារនេះ ឲ្យប្រសើរឡើង។ លោកក៏បាន ជំរុញដល់ក្រុងការងារ ពន្លឿនក្នុងការដោះស្រាយអ្នកដែលនៅសេសសល់បន្តិចបន្តួច ដែលក្រុមការងារវាយតម្លៃថា មិនមានលក្ខណៈគ្រប់គ្រាន់នោះ ។ ប៉ុន្តែសាលារាជធានី នឹងខិតខំដោះបញ្ហាដែលនៅសេសសល់ ប្រមាណ២២គ្រួសារ ក្នុងចំណោម ១៨០គ្រួសារ ដែលបានចូលរួមក្នុងវេទិកាសាធារណៈកន្លងមក ហើយនឹងផ្តល់ឱកាសអោយពួកគាត់ ផ្តល់ឯកសារ សាក្សី ដើម្បីខាងអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕