(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានបើកិច្ចចប្រជុំពិគ្រោះយោបល់ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ លើកទី១ ក្នុងបរិបទកូវីដ១៩ ជាមួយភាគីពាក់ព័ន្ធទាំងអស់។

កិច្ចប្រជុំនេះដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប តំណាងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២០ ខែមិថុនា ឆ្នាំ២០២១។ ការរៀបចំការបោះឆ្នោតសាកល្បងនេះ គឺដើម្បីវាយតម្លៃអំពីប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោតនាពេលបច្ចុប្បន្ន សម្រាប់ឈានទៅរកការបោះឆ្នោតនាពេលអនាគត។ នេះជាការគូសបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។

លោកបានលើកឡើងថា ការរៀបចំការបោះឆ្នោតសាកល្បង គ.ជ.ប រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោតដូចជា៖

*ការប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online)
*ការប្រើប្រាស់ប៊ិចគំនូសសញ្ញាគូសនៅលើសន្លឹកឆ្នោត
*ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ដែលគ្រប

ដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធ ដូចខាងក្រោម៖

*កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
*កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
*កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត
*កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

ទាក់ទងនឹងកិច្ចប្រជុំពិគ្រោះយោបល់នៅពេលនេះ លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ជាការពិគ្រោះយោបល់រវាង គ.ជ.ប និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីប្រមូលធាតុចូលសម្រាប់រួមចំណែកក្នុងការកែលម្អនីតិវិធី និងការងារបច្ចេកទេសបោះឆ្នោត មុននឹងសម្រេចដោយ គ.ជ.ប និងអាចដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ ក្នុងពេលបោះឆ្នោតខាងមុខពីព្រោះថាក្នុងរឿងបោះឆ្នោត គជប មិនអាចធ្វើកិច្ចការតែម្នាក់ឯងបាន៕