(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្ដីសម្រេចស្ដីពីការបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ផ្នែកខ្លះនៃភូមិសាស្ត្រ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដោយបានកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តកណ្តាល បានបន្ថែមថារដ្ឋបាលស្រុកពញាឮ ត្រូវទទួលបន្ទុកអនុវត្ត និងសម្របសម្រួលការងារចាំបាច់ដូចជា៖
* ការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
* សម្របសម្រួលលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿន និងសម្របសម្រួលការផ្តល់សេវាសុខាភិបាលទូទៅ និងអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ១៩ ដោយធានាឱ្យបាននូវការគោរព និងអនុវត្តវិធានការសុខាភិបាលជាចាំបាច់
* ដឹកនាំត្រួតពិនិត្យ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងណែនាំដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ត្រូវរៀបចំខ្សែសុវត្ថិភាពចងព័ន្ធជុំវិញទីតាំង ឬកន្លែងលក់ដូរនីមួយៗ ដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងរៀបចំដាក់អាល់កុល ឬជែលសម្រាប់អតិថិជនលាងដៃគ្រប់ៗគ្នា។
* ការងារត្រួតពិនិត្យ និងគ្រប់គ្រងកន្លែងលក់ម្ហូបអាហារ ហាងទំនិញការផ្គត់ផ្គង់ទំនិញ អាជីវកម្មដ្ឋាន និងសេវាកម្ម ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ជាធរមាន។
* លើកទឹកចិត្ត និងណែនាំដល់បងប្អូនអាជីវករ និង ប្រជាពលរដ្ឋឱ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ (ឬអនឡាញ) ឬឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។
* កំណត់គោលការណ៍ចាំបាច់ផ្សេងទៀត ដើម្បីធានាប្រសិទ្ធភាពការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងករណីរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងលំនៅឋាន អគារស្នាក់នៅ ឬទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដ្ឋាន ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន រដ្ឋបាលស្រុកពញាឮ ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងទាំងនោះ ជាបណ្តោះអាសន្ន និងរាយការណ៍ជូន រដ្ឋបាលខេត្ត ដើម្បីស្នើសុំកិច្ចអន្តរាគមន៍នឹងចាត់វិធានការឆ្លើយតបឱ្យបានឆាប់រហ័ស សំដៅទប់ស្កាត់និងកាត់ផ្តាច់កុំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល៖