(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតបើកដំណើរការឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តទៅ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
តាមសេចក្តីសម្រេចដដែល បានឱ្យដឹងថា ក្នុងពេលដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ រដ្ឋបាលក្រុងតាខ្មៅ ត្រូវទទួលបន្ទុកអនុវត្ត និងសម្របសម្រួលការងារចាំបាច់ដូចជា៖
*ការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងបរិវេណផ្សាររដ្ឋទាំងអស់។
*ត្រួតពិនិត្យ និងសហការជាមួយគណៈកម្មការគ្រប់គ្រង់ផ្សារ ដើម្បីគ្រប់គ្រងកន្លែងលក់ម្ហូបអាហារហាងទំនិញ ការផ្គត់ផ្គង់ទំនិញ និងអាជីវកម្មដ្ឋានបម្រើឱ្យការលក់ដូរផ្សេងទៀត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ឬការណែនាំរបស់រដ្ឋបាលខេត្ត។
*គណៈកម្មការគ្រប់គ្រងផ្សារ ត្រូវផ្សព្វផ្សាយ និង ណែនាំដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ឱ្យរៀបចំខ្សែសុវត្ថិភាពចងព័ន្ធជុំវិញទីតាំង ឬកន្លែងលក់ដូរនីមួយៗ ដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬដាក់ទឹកអាល់កុល ឬជែល ឱ្យបានច្រើនទីតាំងក្នុងផ្សារដើម្បីឱ្យអាជីវករ និងអតិថិជនប្រើប្រាស់។
*អាជីវករ សន្តិសុខ បុគ្គលិក កម្មករ អតិថិជន និងជនទាំងឡាយ ដែលមានវត្តមានក្នុងបរិវេណផ្សារត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ជាពិសេស អនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាចាំបាច់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
*ហាមដាច់ខាតការជួបជុំប្រមូលផ្តុំមនុស្ស និងកំណត់ចំនួនអ្នកធ្វើដំណើរចេញ-ចូល ក្នុងបរិវេណផ្សារឱ្យបានសមស្រប ដើម្បីធានាបានការអនុវត្តការរក្សាគម្លាតសុវត្ថិភាព និងកិច្ចការអន្តរាគមន៍ចាំបាច់នានា។
*លើកទឹកចិត្ត និងណែនាំដល់បងប្អូនអាជីវករ និងអតិថិជនឱ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ (ឬអនឡាញ) ឬឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។
*កំណត់គោលការណ៍ចាំបាច់ផ្សេងទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងករណីរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងសកម្មភាពការងារមុខរបរ ឬអាជីវកម្មដ្ឋាន ជាពិសេស ទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋានរដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងលក់ដូរទាំងនោះជាបណ្តោះអាសន្ន ដើម្បីផ្តល់កិច្ចអន្តរាគមន៍ និងឆ្លើយតបទាន់ពេលវេលា ដោយកាត់ផ្តាច់កុំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល៖