(កណ្តាល)៖ លោក ប៉ែន សំអាត ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អនុប្រធានទី១គណៈអចិន្ត្រៃ ក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង និងជាតំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុងហៀង ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងសាលាធម្មសភា និងសមិទ្ធិផលនានា ក្នុងវត្តអង្គពណ្ណរាយណ៍ ដោយមានការចូលរួមពីព្រះសង្ឃ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ប្រមាណជាង១៦០០នាក់។
លោក បូរ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង បានថ្លែងឲ្យដឹងក្នុងពិធីនោះថា សាលាធម្មសភាព្រមទាំងសមិទ្ធផលទាំងនេះ ត្រូវបានកសាងដោយចំណាយអស់ប្រាក់ជាង ១៤ម៉ឺនដុល្លារ ដែលបានពីការចូលរួមចំណែក ពីពុទ្ធបរិស័ទជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេស ពិសេសនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ព្រមទាំងសហការី។
លោក ប៉ែន សំអាត ក៏បានពាំនាំនូវការនឹករលឹក សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្សារភ្ជាប់សុខទុក្ខ របស់លោកជាមួយប្រជាជន តាមគ្រប់រូបភាព ទោះបីមានភារកិច្ចមមាញឹកក្នុងការដោះស្រាយ បញ្ហាប្រឈមនានាជាអាយុជីវិតជាតិ ក្នុងស្មារតីធានាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ឈានឡើងយូរអង្វែងជូនជាតិ។
ក្នុងឱកាសនោះដែរ លោក ប៉ែន សំអាត ក៏បាននាំយកនូវថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១០លានរៀល រួមចំណែកក្នុងការកសាង នូវសមិទ្ធផលនានាក្នុងវត្តនេះ ជូនយាយជីតាជី១០០នាក់ ម្នាក់ៗទទួលបានសម្លៀកបំពាក់១ឈុត និងថវិកា១ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភជាសម្ភារសិក្សា និងថវិកាដល់យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងចំណាយក្នុងការរៀបចំពិធីនេះ គឺជាទឹកប្រាក់ជាង២០លានរៀលផងដែរ៕