ឧបាសិកា នង តាំងអ៉ីម ម្តាយបង្កើតលោករដ្ឋមន្ត្រី គង់ វិបុល ទទួលមរណភាព ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ
28-05-2021 09:03
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មានទុក្ខក្រៀមក្រំយ៉ាងក្រៃលែង ដោយឧបាសិកា នង តាំងអ៉ីម ត្រូវជាមាតាបង្កើតរបស់លោក បានទទួលមរណភាព នាថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦៖០០នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ។
សពឧបាសិកា នង តាំងអ៉ីម ត្រូវបានតម្កល់ និងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ២១ ផ្លូវ២២២ សង្កាត់បឹងរាំង
ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងនេះ ជាការគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ និងសាធារណជនទាំងអស់ ដើម្បីជូនជ្រាប និងមេត្តាចូលរួមរំលែកមរណទុក្ខជាមួយលោក គង់ វិបុល និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព៕