(ភ្នំពេញ)៖ ប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបន្តយ៉ាងសស្រាក់សស្រាំទាំងដូសទី១ និងដូសទី២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដើម្បីធានាថាពលរដ្ឋគ្រប់រូបបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩។
រយៈពេល២៦ថ្ងៃកន្លងមកនេះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសទី១ ជូនប្រជាពលរដ្ឋបានជាង ៨៣ម៉ឺននាក់ ខណៈការចាក់ដូសទី២ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ចាក់បានជាង ៥១ម៉ឺននាក់។
យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា បានបង្ហាញថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម រយៈពេល ២៧ថ្ងៃកន្លងទៅនេះ ការចាក់ដូសទី១ ចាក់បានសរុបចំនួន ៨៣៣,៤៣១នាក់ ស្រី ៤៤៦,០៥៨នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៥១៨,១២២នាក់ ស្រី ២៧០,០៨៦នាក់។
តំបន់ក្រហមដែលកងទ័ពកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះ រួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានកត់សម្គាល់ថា ដំណើរការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ កំពុងបន្តដំណើរការល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារ។
បើទោះបីក្រុមការងារកំពុងដំណើរការចាក់ដូសទី២ តែដូសទី១ ក៏នៅតែបន្តផងដែរ។ នៅថ្ងៃទី២៧ ខែឧសភា ម្សិលមិញ ដូសទី១ ចាក់បាន ២៣,៨៥២នាក់។
ជាមួយដំណើរការចាក់វ៉ាក់សាំងនេះដែរ នាយឧត្តមសេនីយ៍ បន្តក្រើនរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ពិនិត្យពិច័យឱ្យបានល្អិតល្អន់បំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើយ៉ាងត្រូវប្រាកដគម្លាតការចាក់រវាងដូសទី១ មកដូសទី២ មានរយៈពេល ១៤ថ្ងៃ និងចាក់ឱ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងក្នុងខ្លួនការពារជំងឺកូវីដ១៩។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។
ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ, ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ។
លោក ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ ត្រូវរក្សាទម្រង់បណ្ណចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ កុំឱ្យបាត់បង់ ឬរហែក ដើម្បីទុកប្តូរយកបណ្ណចាក់វ៉ាក់សាំង ដែលក្រុមការងារកំពុងផលិត។ ដោយឡែកអ្នកដែលទទួលបានបណ្ណចាក់វ៉ាក់សាំងហើយ ក៏ត្រូវចេះថែរក្សាកុំឱ្យបាត់បង់ ព្រោះអាចមានភាពចាំបាច់ប្រើប្រាស់ទៅថ្ងៃខាងមុខ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ នៅឡើយនោះទៅចូលរួមចាក់វ៉ាក់សាំង ព្រោះក្រុមការងារនៅតែបន្តចាក់ដូសទី១ជូន ហើយសូមចូលរួមអនុវត្តន៍ឱ្យបានល្អប្រសើរតាមវិធានសុខាភិបាលនៅពេលទៅចាក់វ៉ាក់សាំង។
ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងទាំងដូសទី១ និងទី២ សុទ្ធតែបានបង្ហាញការរីករាយ និងបានអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំង ហើយផ្តល់អាទិភាពចាក់សម្រាប់អ្នកតំបន់ក្រហម។
ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារចាក់វ៉ាក់សាំង ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងជូនពួកគេ។
បើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូសយ៉ាងណាក្តី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបន្តស្មារតីអនុវត្តវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍សម្តេចតេជោ «៣កុំ ៣ការពារ» ដើម្បីធានាថាមិនឆ្លងជំងឺកូវីដ១៩៕