(ភ្នំពេញ)៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៥ផ្ទាំង បានរងការខូចខាត ដោយសារតែបុរសស្រវឹងម្នាក់បើក រថយន្ត Camry បាឡែន បោះពួយក្នុងល្បឿនលឿនបុកពេញទំហឹង ខណៈរថយន្តបង្ករងការខូចខាតយ៉ាងដំណំផងដែរ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង១២៖១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេ គីរីរម្យ តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
សាក្សីដែលបានឃើញហេតុការណ៍នេះ បានឱ្យដឹងថា គឺដំបូងគេបានឃើញរថយន្ត Camry បាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-2371 បើកតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ហើយម្ចាស់ទំនងជាស្រវឹងស្រាផងនោះ ពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបាក់អស់៥ផ្ទាំង។ ចំណែករថយន្តបង្ករងការខូចខាតយ៉ាងដំណំ ហើយបន្ទាប់ពីបង្កហេតុ ម្ចាស់រថយន្តបានគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕