(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ រួមជាមួយលោកស្នងការរងនិងមន្ត្រីនគរបាលជាច្រើនរូបទៀត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំពិធីសំណេះសំណាលនិងនាំថវិកា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនជាការលើកទឹកចិត្ត ដល់កម្លាំងនគរបាលជំនាញ ដែលបានខិតខំបង្ក្រាបបទល្មើសនានា ទទួលបានលទ្ធផលល្អ។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះកម្លាំងនគរបាលទូទាំងខេត្ត ពិសេសកម្លាំងនគរបាលជំនាញ ដែលរយះពេលថ្មីៗនេះ បានយកអស់កម្លាំងកាយកម្លាំងចិត្ត បង្រ្កាបបានបទល្មើសគ្រឿងញៀននិងបទល្មើសព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងបញ្ជាក់ទៀតថា៖ «ឆ្លើយតបនិងការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលជំនាញរួមមាន៖ផែនការងារប្រឆាំងគ្រឿងញៀន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់និងប្រជាការពារភូមិ២នាក់របស់សង្កាត់អូរស្មាច់ផងនោះ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិការលើកទឹកចិត្ត ដោយផែនគ្រឿងញៀនទទួលបានថវិកា១លានរៀល ការិយាល័យព្រហ្មទណ្ឌ៥០មុឺនរៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់៥០មុឺនរៀលនិងប្រជាការពារភូមិ២០មុឺនរៀលផងដែរ»។
ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានថ្លែងណែនាំបន្ថែម ដល់កម្លាំងនគរបាលទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសខិតខំបង្រ្កាបបទល្មើសនានាក្នុងដែលសមត្ថកិច្ចរបស់ខ្លួន រួមមាន៖បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងសុីសង ចោរលួចចោរប្លន់ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕