(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា យុវជន២នាក់បានបោកក្បាលស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម នៅកន្លែងកើតហេតុ នៃគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា នៅយប់មិញនេះ។
ករណីទី១៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម័ក្នុងថ្លុកឈាម ដោយសារតែរូបគេជិះម៉ូតូ ម៉ាក DUKE ក្នុងល្បឿនយ៉ាងលឿនបុកឃឿន ផ្លូវបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាម។ ចំណែកម៉ូតូផ្លោងហោះប្រមាណ៥០ម៉ែត្រ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខសណ្ឋាគារហ៊ីម៉ាវ៉ារី តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ យុវជនខាងលើជិះម៉ូតូម៉ាក DUKE ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ CU-0066 ជិះតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុកឃឿនផ្លូវ មុខសណ្ឋាគារហ៊ីម៉ាវ៉ារី បណ្តាលឱ្យដួលបោកក្បាលស្លាប់ក្នុងថ្លុក ឈាមយ៉ាងអាណោចអាធម៌ ចំណែកម៉ូតូផ្លោងហោះប្រមាណ៥០ម៉ែត្រ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានមកធ្វើការវាស់វែង យកម៉ូតូទៅរក្សទុកនៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិ ឱ្យមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។
ករណីទី២៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែរថយន្ត Mini cooper បើកក្នុងល្បឿនលឿនបុកម៉ូតូពេញទំហឹង ហើយរថយន្តបង្កបានជ្រុលទៅបុក រថយន្ត Highlander មួយគ្រឿងទៀត បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង ៩៖៥០នាទី យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥៥៦ ស្ថិតក្នុងសង្កាត់បឹងកកទី២ ខណ្ឌទួលគោក ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Mini cooper ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2U-0688 បើកបរតាមបណ្តោយផ្លូវលេខ៥៥៦ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចផ្លូវបំបែកជា៤ មិនបន្ថយល្បឿន បានបុកម៉ូតូ Dream C125 ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2FM-4842 ពីក្រោយពេញទំហឹង បណ្តាលឱ្យប៉ើងប្រមាណជិត១០ម៉ែត្រ។ ចំណែកយុវជនជាម្ចាស់ម៉ូតូ បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់ពីបុករួចរថយន្តបង្កមិនបានឈប់នោះទេបាន បន្ថែមល្បឿនបំណងគេចខ្លួន ក៏បានបុករថយន្ត Highlander ដែលបើកទិសដៅបញ្ច្រាសគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើករថយន្តបង្ក គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ច ទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕