(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន៥លានរៀល តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនកម្មការិនីរោងចក្រម្នាក់ ដែលទើបសម្រាកកូន ពេលខ្លួនកំពុងកើតជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ថវិកាជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នេះត្រូវបានផ្ដល់ជូនបងស្រីបង្កើតរបស់កម្មការិនីឈ្មោះ ព្រិច ផាន់ណា ដើម្បីយកទៅប្រគល់ជូនក្រុមគ្រួសារ របស់កម្មការិនីឈ្មោះ ព្រិច ផាន់ណា អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ SIX Plus នៅម្ដុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលកំពុងសម្រាកក្រោយសម្រាលកូនដោយសុវត្ថិភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បងស្រីបង្កើតរបស់ស្រ្តីដែលទើបសម្រាកកូន កំពុងកើតជំងឺកូវីដ១៩ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងលោកអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានឧបត្ថម្ភថវិកាចំនួន៥លានរៀលជូនប្អូនស្រីរបស់គាត់ និង សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិលើលោក តាមជួយបីបាច់ថែរក្សាសម្តេចតេជោ ហ៊ុន សែន និងអភិបាលរាជធានីភ្នំពេញ បានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនជានិច្ចនិរន្ទតទៅ។
សូមរំលឹកថា កម្មការិនីរោងចក្ររូបនេះ បានកើតជំងឺកូវីដ១៩ ហើយកំពុងសម្រាកនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យសិរីមង្គល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្រាប់តែឈឺពោះឆ្លងទន្លេ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗ តែមិនមានពេទ្យណាហ៊ានទទួលនោះទេ ចុងក្រោយត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសម្រាលបានដោយសុវត្ថិភាពទាំងម្ដាយ ទាំងកូន នៅទីនោះ។
លោកស្រី ព្រិច ម៉ារី ដែលជាបងស្រីបង្កើតរបស់ស្ដ្រីឈ្មោះ ព្រិច ផាន់ណា ជំនួសមុខឲ្យក្រុមគ្រួសារទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរុស្ស៉ី ដែលបានអន្ដរាគមន៍ភ្លាមៗទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្អូនស្រីរបស់គាត់ រួមទាំងកូនក្នុងផ្ទៃ បើគ្មានកិច្ចអន្ដរាគមន៍ទេ ពេលនោះមិនដឹងប្អូនរបស់គាត់យ៉ាងមិចនោះទេ។
លោកស្រីបានបញ្ជាក់ទៀតថា ការអន្ដរាគមន៍នេះ គឺជាការសង្គ្រោះជីវិតរបស់ក្រុមគ្រួសារគាត់ផងដែរ៕