(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រកាសថា គុណភាពខ្យល់នៅកម្ពុជា ពេលនេះ ស្ថិតក្នុងកម្រិត «ល្អណាស់» គឺស្ថិតនៅក្នុងទម្រង់ «ពណ៌ខៀវ» ដែលល្អសមស្របសកម្មភាពខាងក្រៅផ្ទះ និងដំណើរកម្សាន្តទេសចរណ៍ ជាដើម។
បើតាមសេចក្ដីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី២៧ ខែឧសភានេះ ក្រសួងបរិស្ថាន បានបែងចែកប្រភេទខ្យល់ជា៦ប្រភេទ ដោយបញ្ជាក់ថា សម្រាប់ពណ៌ «ខៀវ» គឺគុណភាពខ្យល់ល្អណាស់ សមស្របសម្រាប់សកម្មភាពខាងក្រៅផ្ទះ និងទេសចរណ៍។
ពណ៌ «បៃតង» គុណភាពខ្យល់ល្អ អាចធ្វើសកម្មភាពខាងក្រៅ និងការធ្វើដំណើរដូចធម្មតា។ បុគ្គលដែលមានប្រតិកម្មអាលែហ្សីតិចតួចគួរតែកាត់បន្ថយពេលវេលាសម្រាប់សកម្មភាពខាងក្រៅ។ ពណ៌ «លឿង» គុណភាពខ្យល់មធ្យម ការបំពុលកម្រិតស្រាល មនុស្សជាទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។ អ្នកដែលមានសុខភាពទន់ខ្សោយ៖ ប្រសិនបើមានរោគសញ្ញាដំបូង ដូចជា ការក្អក ការដកដង្ហើមពិបាក រលាកភ្នែក សូមកាត់បន្ថយរយៈពេលនៃសកម្មភាពខាងក្រៅផ្ទះរបស់អ្នក។
ដោយឡែក ពណ៌ «ទឹកក្រូច» គុណភាពបង្គួរ ការបំពុលកម្រិតមធ្យម មនុស្សទូទៅគួរតែតាមដានសុខភាពប្រសិនបើមានរោគសញ្ញា ដំបូងការក្អក ការដកដង្ហើមពិបាក រលាកភ្នែក សូមកាត់បន្ថយរយៈពេលនៃសកម្មភាពខាងក្រៅផ្ទះរបស់អ្នក ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់។ អ្នកដែលមានសុខភាពទន់ខ្សោយ គួរតែបន្ថយរយៈពេលនៃកម្មភាពខាងក្រៅរបស់អ្នក ឬប្រើប្រាស់ឧបរកណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់ ប្រសិនបើមានសុខភាពដូចជា ក្អក ការពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី ក្អតចង្អោរ អស់កម្លាំងនោះគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត។
ពណ៌ «ក្រហម» មានន័យថា ការបំពុលគុណភាពខ្យល់ខ្លាំង មនុស្សគ្រប់គ្នាគួរតែជៀសវាងសកម្មភាពខាងក្រៅ ជៀសវាងតំបន់ដែលមានការបំពុលខ្យល់ខ្ពស់ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់ ប្រសិនបើមានរោគសញ្ញាសុខភាពនោះ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ដោយឡែក ពណ៌ «ស្វាយ» កម្រិតខ្យល់ពុលធ្ងន់ធ្ងរ បង្ហាញការព្រមានអំពីស្ថានភាពអាសន្នចំពោះសុខភាព។ សូម្បីតែមនុស្សដែលមានសុខភាពល្អនឹងពិបាកការស៊ូទ្រាំក្នុងកំឡុងពេលនេះ។ វាអាចមានការរលាកខ្លាំង និងរោគសញ្ញាជាច្រើនទៀត ដូច្នេះ មនុស្សទាំងអស់គួរតែជៀសវាងសកម្មភាពចេញទៅខាងក្រៅ៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានខាងក្រោម៖