(កណ្ដាល)៖ ជារឿងមួយដ៏គួរឲ្យអណោចអធម៌ជាទីបំផុត ចំពោះក្រុមគ្រួសារមួយ ដោយត្រូវបាត់បង់ទាំងប្រពន្ធ និងកូនដែលមិនទាន់ឃើញពន្លឺថ្ងៃ ពេលដែលកំពុងឈឺពោះសម្រាកកូននៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ជា រចនា» ដែលមានទីតាំងស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ខណៈម្ចាស់គ្លីនិកចង់ឲ្យសំណងត្រឹម២ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង។
លោក ឈូ សុខលាភ អាយុ៣៩ឆ្នាំ ដែលបច្ចុប្បន្នបម្រើការងារនៅគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុឯកជនមួយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ទាំងសម្ដីអួលដើម.ក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះថា ភរិយារបស់ខ្លួនដែលបាត់បង់ជីវិតពេលកំពុងសម្រាកកូនទី៣នោះ ឈ្មោះ ឃុត ជីវ័ន អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
លោក ឈូ សុខលាភ បានរៀបរាប់អំពីដំណើរដើមចម នៃសាច់រឿងថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩៖៣០នាទីព្រឹក ប្រពន្ធលោកបានទៅពិនិត្យផ្ទៃពោះ និងឆ្លុះអេកូនៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ជា រចនា» ដោយនៅពេលនោះ គ្រូពេទ្យបានប្រាប់ថា ប្រពន្ធរបស់លោកជិតសម្រាលកូនហើយ ដោយមាត់ស្បូនបើកបាន៤លេខ។
លោកបានបញ្ជាក់ទៀតថា គ្រូពេទ្យបានពន្យល់ឲ្យទទួលសេវានៅមន្ទីរពេទ្យខ្លួន ដោយប្រាប់ថា ប្រពន្ធគាត់ និងកូនក្នុងផ្ទៃ មិនមានសញ្ញាគំរាមកំហែងអ្វីបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ ព្រោះសុខភាពល្អធម្មតាទាំងម្ដាយ និងកូន។ ដោយមានទំនុកចិត្តលើក្រុមគ្រូពេទ្យ ប្រពន្ធគាត់ក៏សម្រេចចិត្ត ទទួលសេវាសម្រាលនៅទីនោះតែម្ដង។
បន្ទាប់មកគ្រូពេទ្យ ក៏បានរៀបចំដាក់ស៊ឺរ៉ូម និងតាមដានរហូតដល់ម៉ោង ១១៖៣០នាទីព្រឹក ដោយប្រាប់ថា មាត់ស្បូនបើកបាន៧លេខហើយ រហូតដល់ម៉ោង០១៖៣០នាទី ប្រពន្ធគាត់នៅតែមិនទាន់សម្រាល ទើបក្រុមគ្រូពេទ្យបានដាក់ថ្នាំនៅក្នុងស៊ឺរ៉ូម ដើម្បីឲ្យឆាប់កើត។ លុះ១០នាទីក្រោមមក គ្រូពេទ្យបានរុញប្រពន្ធគាត់ ចូលក្នុងបន្ទប់សម្រាល។
ក្រោយមកប្រពន្ធគាត់ក៏ប្រឹងដើម្បីសម្រាលកូន ដោយឃើញក្បាលទារកទៅហើយ បន្ទាប់មកគាត់ថា គាត់ចុកជើងពេទ្យក៏សម្រួលចលនា ហើយលោកជាប្ដីបានឲ្យទឹកទៅប្រពន្ធហូបបន្តិច រួចក៏ប្រឹងបន្ត ស្រាប់តែពេលនោះគាត់ក៏ទន់ខ្លួន បញ្ឈរភ្នែកបាត់មាត់តែម្ដង ហើយទារក ក៏បានលិបចូលទៅក្នុងផ្ទៃវិញ។
ពេលនោះពេទ្យក៏បានដេញឝាត់ជាប្ដីឲ្យចេញទៅក្រៅ រួចគ្រូពេទ្យក៏បានយកអុកស៊ីសែនពីខាងក្រៅ ដើម្បីជួយសង្គ្រោះ ប្រហែល៤០នាទីក្រោយមក ដោយស្ថានភាពមិនស្រួលខ្លាំង ក៏បញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យកាល់ម៉ែត តែអ្វីដែលគួរឲ្យសោកស្ដាយពេលមកដល់, ខាងមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់គាត់ថា ប្រពន្ធគាត់បានស្លាប់តាំងពីមុនមកដល់ម្ល៉េះ។
ក្នុងករណីនេះ លោក ឈូ សុខលាភ ក៏បានដាក់ពាក្យបណ្ដឹង មកកាន់ប៉ុស្តិ៍នគរបាលឃុំអរិយក្សត្រផងដែរ ដោយប្ដឹងទៅលើមន្ទីរសម្រាកព្យាបាល និងសម្ភព «ជា រចនា» ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ចំពោះការស្លាប់របស់ប្រពន្ធគាត់ និងកូនក្នុងផ្ទៃពេលកំពុងសម្រាក។ យ៉ាងណាមិញ ក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ការស្លាប់នៃគឺដោយសារឧបទេវប្បហេតុប៉ុណ្ណោះ មិនមែនជាការធ្វេសប្រហែសរបស់ពេទ្យនោះទេ។
ក្រុមគ្រួសាររបស់ជនរងគ្រោះបានអះអាងទៀតថា ពេលកំពុងធ្វើបុណ្យខាងតំណាងរបស់ មន្ទីរសម្រាកព្យាបាល និងសម្ភព «ជា រចនា» ក៏បានទៅចូលរួមបុណ្យសព និងចូលបុណ្យនូវទឹកប្រាក់ចំនួន១ពាន់ដុល្លារផងដែរ។ ក្រោយមកខាងគ្រូពេទ្យ បានសម្របសម្រួលជាមួយគ្រួសារជនរងគ្រោះ ដោយផ្ដល់បន្ថែមនូវទឹកប្រាក់ចំនួន២ពាន់ដុល្លារទៀត ប៉ុន្ដែក្រុមគ្រួសារជនរងគ្រោះមិនអាចទទួលយកបាននោះទេ។
លោក ឈូ សុខលាភ ដែលបច្ចុប្បន្នកំពុងចិញ្ចឹមបីបាច់ថែរក្សាកូន២នាក់ តែម្នាក់ឯងក្រោយបាត់បង់ប្រពន្ធហើយនោះ បានទទូចតាមរយៈបណ្ដាញព័ត៌មាន Fresh News ដើម្បីសុំការជួយអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ដើម្បីក្រុមគ្រួសារគាត់ទទួលបានយុត្តិធម៌ ក្រោយពេលបាត់បង់ប្រពន្ធ និងកូនក្នុងផ្ទៃ។
យ៉ាងណាមិញ សម្រាប់ដំណើរការពាក្យបណ្ដឹងវិញ ត្រូវបានលោក ឈូ សុខលាភ បញ្ជាក់ថា មន្ដ្រីមូលដ្ឋានបានប្រាប់គាត់ថា សំណុំរឿងនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលហើយ ដើម្បីដោះស្រាយតាមនីតិវិធី។ ចំណុចនេះ លោកកាន់តែព្រួយបារម្ភបន្ថែមទៀត ដោយសារមិនមានចំណេះដឹងខាងផ្លូវច្បាប់ ពិសេសលើការពឹងពាក់មេធាវីដើម្បីជួយការពារក្ដី។ លោកក៏ស្នើសុំមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដើម្បីជួយការពារក្ដីជូនគាត់ផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ បណ្ដាញព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពី មន្ទីរសម្រាកព្យាបាល និងសម្ភព «ជា រចនា» បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ៕