(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីបន្ថែមទៀត។ នេះបើតាមសេចក្តីសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៧ ខែឧសភានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ដោយមានការត្រួតពិនិត្យសុខភាព និងយកសំណាកវត្ថុវិភាគអ្នកពាក់ព័ន្ធនិងសង្ស័យ ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្រុងស្ទឹងត្រែង ដោយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជាលទ្ធផលវិភាគរកជំងឺកូវីដ១៩ ផ្តល់ជូនដោយមន្ទីរពិសោធន៍ បានបង្ហាញថាមានលទ្ធផលវិជ្ជមាន លើប្រជាពលរដ្ឋចំនួន២នាក់ ជាករណីទី៧ ក្នុងខេត្តស្ទឹងត្រែង។
អ្នកទាំងពីរត្រូវជាស្វាមី និងកូនរបស់អ្នកជំងឺឈ្មោះ អ៊ុក វន្នី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ដែលបានធ្វើតេស្តវិជ្ជមាន នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១កន្លងទៅក្នុងនោះ៖
ទី១៖ ឈ្មោះ ពៅ ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាស្វាមីឈ្មោះ អ៊ុក វន្នី
ទី២៖ ឈ្មោះ ភិន គុណណា ភេទស្រី អាយុ១៥ឆ្នាំ ត្រូវជាកូនស្រី ឈ្មោះ អ៊ុក វន្នី។
អ្នកជំងឺខាងលើនេះ បានដាក់ឱ្យសម្រាកព្យាបាល នៅអគារព្យាបាលអ្នកជំងឺកូវីដ១៩ រៀបចំដោយមន្ទីរពេទ្យបង្អែកខេត្ត និងមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យជំនាញ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តវិធានការសុខាភិបាល ពិសេសវិធានការ «ការពារ និង៣កុំ» ក្នុងករណីមានការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សូមធ្វើការទំនាក់ទំនងផ្ទាល់បន្ទាន់ មកក្រុមការងារជំនាញ តាមរយៈលេខទូរស័ព្ទលេខ៖ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៨៨ ០០០ ដើម្បីអនុវត្តវិធានការឆ្លើយតបបានទាន់ពេលវេលា៕