(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មាន ស្តីពី «ការវិភាគភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស»។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។
អ្នកជំនាញខាងផ្នែកវិភាគភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេសល្បីៗ នឹងអញ្ជើញធ្វើជាគ្រូបណ្តុះបណ្តាលនៅក្នុងកម្មវិធីនេះ។ វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃអង្គារតាមប្រព័ន្ធវីដេអូ Zoom ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ វគ្គនីមួយៗមានរយៈពេល ១ម៉ោង៣០នាទី ដែលតម្រូវឱ្យសិក្ខាកាមសិក្សាសរុបចំនួន ២០វគ្គ ក្នុងអំឡុងពេល ១០សប្តាហ៍។
យោងតាមការជូនដំណឹងរបស់ AVI ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកសារព័ត៌មាន និងអ្នកជំនាញនានាពាក់ព័ន្ធនឹងវិស័យសារព័ត៌មានចំនួន ៣៣រូប ជំនាន់ទី១ ត្រូវបានជ្រើសរើសយ៉ាងផ្ចិតផ្ចង់ពីមជ្ឈដ្ឋាន និងអង្គភាពផ្សេងៗគ្នា ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ពួកគាត់មានសមាសភាពមកពីសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (UJCC) ក្លឹបអ្នកកាសែតកម្ពុជា ក្លឹបសារព័ត៌មានក្រៅប្រទេសនៃកម្ពុជា (OPCC) សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) និងមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បី (១) ផ្តល់ជូនដល់អ្នកសារព័ត៌មានកម្ពុជានូវចំណេះដឹងចាំបាច់ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ (២) កសាងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជា ដែលអាចផ្តល់ព័ត៌មានដោយភាពស្មោះត្រង់ និងមានតុល្យភាព និង (៣) អនុញ្ញាតឱ្យអ្នកសារព័ត៌មានអាចបង្កើននូវទំនាក់ទំនងជាមួយនឹងតួអង្គដទៃទៀតមកពីស្ថាប័នរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៉ីវិល។
កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានកម្ពុជាស្តីពី «ការវិភាគភូមិសាស្ត្រនយោបាយ និង នយោបាយការបរទេស» ត្រូវបានសម្របសម្រួលដោយមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (MCSS) ។ មជ្ឈមណ្ឌលនេះ ត្រូវបានសាធារណជនស្គាល់ជាទូទៅ នូវស្នាដៃវិភាគជាច្រើន រួមមានការវិភាគលើភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើតំបន់មេគង្គ គោលនយោបាយការបរទេសរបស់កម្ពុជា នយោបាយរបស់មហាអំណាច នយោបាយការទូតរបស់រដ្ឋតូចៗ សន្តិសុខមនុស្សជាតិ និងអាស៊ាន ជាដើម៕